រសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៤ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថវិកាដែលទទួលបានមានចំនួន ៣៩.០៥០.០០០រៀល ៨០.០៣០ដុល្លាអាមេរិក និងទឹកបរិសុទ្ធ ១០០កេស។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេសឱ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី ១៥៩ ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ សាខាបានរៀបចំកៀរគរមូលនិធិពីបងប្អូនសប្បុរសជន និងសូមស្វាគមន៍ការចូលរួមវិភាគទានពីសំណាក់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើងសំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តចូលរួមជួយគាំទ្របរិច្ចាកថវិកា និងសម្ភារៈចូលរួមជាមួយសាខាកាកបាទក្រ ហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ ។
ឯកឧត្តមសង្ឃឹមថា បងប្អូនសប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុកាន់តែផុលផុសបន្តទៀត ៕