Home / ព័ត៌មានទូទៅ / សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្នរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ក្រោមអធិបតីភាពលោក លៀម សុដា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្នរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ក្រោមអធិបតីភាពលោក លៀម សុដា

ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្នរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជូនយុវជនកាកបាទក្រហមកម្ពុជា មកពីសាលាគោលដៅ៣ មានអនុវិទ្យាល័យសម្តេចឪ អនុវិទ្យាល័យមិត្តភាព និងវិទ្យាល័យក្រុងព្រះសីហនុចំនួន ៤៤នាក់ ស្រី ២២នាក់ និងទីប្រឹក្សា៦នាក់ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។
លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពសាខាកាកបាទក្រហម បានបង្កើតឱ្យមានយុវជនកាកបាទក្រហមកម្ពុជានៅឆ្នាំ២០០១ មានសាលាគោលដៅ៣ យុវជន ១៥០នាក់ ស្រី៧៥នាក់ ទីប្រឹក្សា៦នាក់ ស្រី៣នាក់។ ឥឡូវមានលទ្ធភាពបណ្តុះបណ្តាលដល់សាលាគោលដៅ១២ និងទីប្រឹក្សា ២៥នាក់ មានយុវជន ៧៥១នាក់ ស្រី៣១៩នាក់។ ធ្វើការបណ្តុះបណ្តាលមូលដ្ឋាននូវចំណេះដឹងពីចលនាកាកបាទក្រហម និងបំពាក់ឯកសណ្ឋានដល់យុវជនដែលជ្រើសរើសថ្មីជាក់ស្តែងក្នុងឆ្នាំ២០២២។ សាខាធ្វើសកម្មភាពមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះក្នុងខេត្ត និងពង្រីកបណ្តាញរបស់ខ្លួនពង្រីកសមាជិកភាពក្នុងជួរមន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ។ ពិសេសក្នុងអំឡុងកូវីដ-១៩ យុវជនកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពផ្សព្វផ្សាយ និងចែកស្បៀងរបស់សាខា និងស្បៀងរដ្ឋាភិបាលនៅតំបន់បិទខ្ទប់ តំបន់ក្រហម មានចំនួន ៤៣,៣៨៩គ្រួសារ និងការងារគ្រោះមហន្តរាយ ការជួយសម្រួលការលំបាកប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ការលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពសហគមន៍ ជួយឧបត្ថម្ភដល់អ្នកជំងឺអេដស៍ក្នុងមូលដ្ឋាន។
លោក លៀម សុដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗកាកបាទក្រហមអំពីសកម្មភាពមនុស្សធម៌នៅក្នុងសាលារបស់ខ្លួនលើការជួយដល់ជនរងគ្រោះ។ សកម្មភាពរបស់ក្មួយៗយុវជនស្តែងចេញនូវវប្បធម៌នៃការជួយដល់អ្នករងគ្រោះដទៃទៀតមិនចង់បានអ្វីតបស្នងលាភសក្ការៈ ប្រកាន់ភ្ជាប់តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោកអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានផ្តាំផ្ញើលោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមដូចខាងក្រោម៖
១.បន្តចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសាខា និងអនុសាខានៅតាមសាលាគោលដៅឱ្យសកម្មថែមទៀត
២.ខិតខំស្វែងរក និងរាយការណ៍ពីជនងាយរងគ្រោះ ជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយកូនច្រើន កុមារកំព្រាក្នុងសហគមន៍
៣.ចូលរួមវគ្គបណ្តុះបណ្តាល ឬផ្សព្វផ្សាយចលនានានា
៤.ចូលរួមសកម្មភាពសង្គមផ្សេងទៀតសំដៅឱ្យសហគមន៍មានភាពរីកចម្រើន
៥.បន្តចែករំលែកនូវអំពើល្អ និងធនធានរបស់ខ្លួនទៅកាន់មនុស្សនៅជុំវិញខ្លួន ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ស្អប់ខ្ពើមជនទីទ័លក្រក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន បើកបរត្រូវគោរពច្បាប់ចរាចរណ៍
៦.ចូលរួមផ្សព្វផ្សាយ អប់រំសុវត្ថិភាពចរាចរណ៍ជាមួយកាកបាទក្រហមកម្ពុជា៕