ព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអភិបាលខេត្តជាប់សមុទ្រ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រសម្រាប់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីលើកកម្ពស់កម្រិតវិស័យការពារជាតិ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង និងក្រៅតំបន់។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ក្នុងការចូលរួមបើកការដ្ឋាន ដោយអបអរសាទរថ្នាក់ដឹកនាំប្រទេសទាំងពីរ ដាក់ចេញនូវគ្រប់វិស័យទទួលបានផ្លែផ្កា ជម្រុញទំនាក់ទំនងទ្វេភាគី ជាបងប្អូនដែកថែប ជាដៃគូរយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ លើកស្ទួយកងទ័ពជើងទឹកកម្ពុជា។ ការផ្តល់ជំនួយដល់កងទ័ពកម្ពុជាសំដៅពង្រឹងសមត្ថភាពលើវិស័យការពារជាតិ ដើម្បីបុព្វហេតុ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រកបដោយប្រជាធិបតេយ្យបរិយាកាសសេរី តម្លាភាព មានភាពសុខសាន្តគ្មានអំពើហិង្សា គោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ នីតិវិធី និងបទបញ្ជាទាំងឡាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីសំណង់អគារជួសជុលនាវា ផែសំចត និងស្ដារឃ្លង បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេសទំនើបសាងសង់រួច នឹងផ្ដល់ភាពងាយស្រួលដល់នាយ នាយរង និងពលនាវិកកងទ័ពជើងទឹកកាន់តែមានសមត្ថភាព ចំណេះដឹងប្រកបដោយជំនាញបច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យបូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិកាន់តែរឹងមាំ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយុទ្ធពលខេមរៈភូមិន្ទ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការវិវត្តឥតឈប់ឈរ ធ្វើឱ្យមានទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការយោធាទាំងពីរបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ការជឿជាក់ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមរយៈថ្នាក់ដឹកនាំប្រទេសទាំងពីរមិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏យូរអង្វែងកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាងប្រជាជនយើងទាំងពីរផងដែរ៕