ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពី ការត្រៀមចុះរៀបចំ សណ្តាប់ធ្នាប់ផ្សារម៉ាតកងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និង មានការអញ្ជើញចូលរួមពី មន្រ្តីដែលជាប់ ពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានលើកឡើងអំពីលិខិតលេខ ៣៦៤/១៦ សជណ និងជម្រាបជូនដំណឹង ដល់ក្រុមការងារទាំងមូល ក្នុងគោលបំណង ពាំនាំដំណឹងទៅដល់អាជីវករ នៅផ្សារម៉ាតកងកេង និងផ្សារស្មាច់ដែង ដែលមានអត្ថន័យ ដូចខាងក្រោម៖
- លោកស្រី សាន ឈីន ម្ចាស់ផ្សារម៉ាតកងកេង ត្រូវបើកអាជីវកម្ម តែក្នុងបរិវេណផៃ្ទដី ៧២០ម៉ែត្រការ៉េ តាមលិខិត អនុញ្ញាតរបស់រដ្ឋបាលខេត្តព្រះសីហនុ និងមិនអនុញ្ញាតឱ្យសាងសង់តូប ឬស្តង់ថ្មីឡើយ ចំណែកស្តង់ដែលបានសាង សង់រួច លោកស្រីត្រូវរុះរើចេញអោយថ្ងៃកំណត់នៃលិខិតនេះ។
- ចំពោះបងប្អូន អាជីវករទាំង៨៨ នាក់ និងបងប្អូនអាជីវករដែលបាននិងកំពុងធ្វើអាជីវកម្មក្នុង និងក្រៅបរិវេណផ្សារ ម៉ាតកងកេង ត្រូវរុះរើតូប ឬស្តង់ដោយខ្លូនឯង ព្រមទាំងប្តូរទៅលក់ក្នុងផ្សារស្មាច់ ដែងដែលខ្លួនបានរៀបចំរួចហើយ នោះ ឱ្យបានស្រុះគ្នាតាមការស្នើសុំរបស់ខ្លួន។
- លោក សុទ្ឋ សំប៉ាញ ម្ចាស់ផ្សារស្មាច់ដែង ដែលត្រូវត្រៀមរៀបចំតូប និងកន្លែងលក់ដូរ ទុកសម្រាប់ជូនអាជីវករឱ្យបាន គ្រប់គ្រាន់ តាមតម្រូវការជាក់ស្តែង និងស្តង់ដារប្រកបដោយបរិស្ថាន និងអនាម័យល្អ។
- កាលបរិច្ឆេទ នៃខ្លឹមសារលិខិតនេះ កំណត់ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៥:០០នាទីព្រឹក ជាកំហិត ផុតកាលបរិច្ឆេទនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការរដ្ឋបាល ហើយក្រុមការងារចម្រុះរបស់ខេត្ត នឹងចុះរុះរើតូប និងស្តង់ ដែលស្ថិតនៅខាងក្រៅបរិវេណ ផ្សារម៉ាតកងកេងទាំងអស់ ហើយរាល់ការខូចខាត ការបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវឡើយ។
ក្រោយកិច្ចប្រជុំនេះ បានបញ្ចប់ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាព នៅផ្សារម៉ាតកងកេង និង ផ្សារស្មាច់ដែង ថែមទាំងចុះទៅណែនាំឱ្យមន្រ្តី នៃសាលាឃុំរាម ដាក់ ប្រកាសផ្សព្វផ្សាយ នូវចំណុចខាងលើ ដើម្បីឱ្យអាជីវករបានជ្រាប ទាំងអស់គ្នា៕ ដោយៈ សម្បត្តិ