រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែប្រចាំខេត្តព្រះសីហនុ ដែលត្រូវត្រៀមចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ នៅខេត្តសៀមរាប នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
លោកស្រី អ៊ូច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីការប្រឡងជ្រើសរើសសិស្សពូកែប្រចាំខេត្តព្រះសីហនុឆ្នាំ២០២២ ដើម្បីចូលរួមប្រឡងថ្នាក់ជាតិ ទី១.យើងធ្វើការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២នៅតាមសាលានីមួយៗ។ ២.ប្រឡងយកសិស្សពូកែតាមក្រុង ស្រុក។ ទី៣.ប្រឡងសិស្សពូកែប្រចាំខេត្ត ។ លោកស្រីបានបន្ថែមថា យើងជ្រើសរើសសិស្សពូកែបានចំនួន ៦នាក់ ក្នុងនោះថ្នាក់ទី៩ ចំនួន ៣នាក់ និងថ្នាក់ទី១២ ចំនួន៣នាក់ ដែលមានមុខវិជ្ជាចំនួន ៣គឺភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដោយក្នុងមួយមុខវិទ្យាជ្រើសរើសសិស្សពូកែម្នាក់។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ត្រីអប់រំដែលបានចូលរួមយុទ្ធនាការបិទខ្ទប់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាមាន ឱកាសបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ។ ពិសេសថ្មីៗនេះបានផ្តល់សាលា ដើម្បីរៀបចំការ បោះឆ្នោតប្រព្រឹត្តទៅដោយរលូនប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី និងមានភាពរីករាយនិងឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមអបអរដល់សិស្សានុស្សិស ចំពោះជោគជ័យកន្លងមក និងនាំមកនូវកិត្តិយសសម្រាប់ខេត្ត គ្រួសារ និងសហគមន៍របស់យើង ហើយនេះក៏ជាជោគជ័យរបស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងម។
ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើក្មួយៗសិស្សពូកែទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែម បង្កើនស្មារតី ចេះចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងសូមអោយក្មួយៗត្រឡប់មកវិញស្ពាយនូវជ័យលាភីថ្នាក់ជាតិជូនខេត្ត សាលា និងក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសិស្សពូកែ ៦នាក់ និងគ្រូដឹកនាំ២នាក់ ក្នុងម្នាក់ទទួលបានថវិការចំនួន ៣០០ដុល្លា ដោយឡែកលោកគ្រូ អ្នកគ្រូ និងសិស្សដែលបានចូលរូមចំនួន ៨៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ៕