រៀនសូត្របានជ្រៅជ្រះ គិតគូរនិយាយស្ដីបានល្អ សម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័ស សម្មភាពបានព្រមគ្នា សមិទ្ធផលឆាប់កើតមាន
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធបណ្ណាល័យទី១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ នៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស កក្កដា អភិបាលស្រុកព្រៃនប់បានរាយការណ៍ថា បណ្ណាល័យ០១ខ្នងនេះមានទទឹង៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលជាការផ្តួចផ្តើមរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ និងបងប្អូនសប្បុរសជន។ សមិទ្ធផលថ្មីដែលទើបនឹងកើតឡើងនេះនឹងជួយជម្រុញដល់សិស្សានុសិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវចំណេះដឹងបន្ថែម ក្រៅពីកាលវិភាគសិក្សារបស់សាលា។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះការបើកសម្ពោធបណ្ណាល័យ០១ខ្នងនេះជាចំណងដៃនៃការផ្តួចផ្ដើមសាងសង់របស់លោកជំទាវ អ៊ូ ធីតាពៅ ដែលបានបរិច្ចាគប្រាក់ខែមេធាវីរបស់លោកជំទាវ និងមានការចូលរួមពីលោកអភិបាលស្រុក ព្រមទាំងសប្បុរសជន ចំណាយអស់ថវិកាប្រមាណ ៤ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ បណ្ណាល័យ០១ខ្នងនេះសាងសង់ឡើងសម្រាប់ឱ្យសិស្សានុសិស្ស និស្សិត បញ្ញាវន្តរបស់យើងចូលអាន និងសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗពូនជ្រុំបណ្តុះថ្នាល នៃការអានឱ្យមានគុណភាពខ្ពស់ សំដៅធានាការកសាងធនធាន មនុស្សដែលជាឆ្អឹងខ្នង នៃការចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ។ ហើយសមិទ្ធផលបណ្ណាល័យ០១ខ្នងនេះបង្កើននូវចំណេះដឹង ចំណេះធ្វើជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការចាប់យកឱកាសការងារជំនាញរបស់ខ្លួនស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា “រៀនសូត្របានជ្រៅជ្រះ គិតគូរនិយាយស្ដីបានល្អ សម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័ស សម្មភាពបានព្រមគ្នា សមិទ្ធផលឆាប់កើតមាន”។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ស្របតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕