ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិការក្រសួងអប់រំ ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាឆ្នាំ២០២២ នៅឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិកា ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ Cambodia International JET SKI Championship 2022 សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ មានប្រតិភូកីឡាករ កីឡាការិនីចូលរួមចំនួន ៦០នាក់ មកពី៤ប្រទេស ក្នុងនោះមាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ ការប្រកួតមាន ៧វិញ្ញាសា ក្នុងនោះគណៈកម្មការបច្ចេកទេសអន្តរជាតិមាន១៣នាក់ និងគណៈកម្មការថ្នាក់ជាតិមាន៣៥នាក់។ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះរៀបចំ ឡើងក្នុងគោលបំណងសំខាន់៣ (១.វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡាសម្រាប់ត្រៀមដណ្ដើមមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
២.វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត និង ៣.ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្ដើមស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩។)
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ នៅខេត្តព្រះសីហនុ គឺស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡាចាប់ផ្តើមដំណើរការហ្វឹកហាត់ រៀបចំព្រឹត្តិការណ៍កីឡាតាមគន្លងប្រក្រតីភាពថ្មី ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្ហាញការចាប់ផ្តើមស្តារសង្គម-សេដ្ឋកិច្ច ក្នុងពេលដែលប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យកីឡាសំដៅធានាកសាងធនធានមនុស្សឱ្យមានសុខភាពល្អសមត្ថភាព និងសីលធម៌ខ្ពស់ស្របតាមបរិបទកម្ពុជា ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ វិស័យអប់រំ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តមបានបន្តថា ចាប់ពីឆ្នាំ២០១៩ ក្រសួងបានកំណែទម្រង់ការប្រកួតកីឡាសិស្សនិស្សិត ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ National Scool Games និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ជារៀងរាល់២ឆ្នាំម្តង។ កំណែទម្រង់នេះឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីល្អចូលក្នុងក្រុមជម្រើសជាតិ ក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិ ពិសេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសមត្ថភាពកីឡាករឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ក៏បានអំពាវនាវវិស័យឯកជន សប្បុរសជន ប្រជាពលរដ្ឋចូលរួមឧបត្ថម្ភគាំទ្រជាស្មារតីសម្ភារៈ និងថវិកា រួមចំណែកអភិវឌ្ឍវិស័យកីឡាក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យស៊ីហ្គេមឆ្នាំ២០២៣”។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក និងកីឡាករ កីឡាការិនីដូចខាងក្រោម៖
១.គណៈកម្មការរៀបចំការប្រកួតត្រូវគោរពឱ្យបាននូវបទបញ្ជា នៃការប្រកួតភាពយុត្តិធម៌ និងគោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ
២.កីឡាករ កីឡាការិនីត្រូវគោរពបទបញ្ជានៃការប្រកួត និងត្រូវគោរពគ្នាទៅវិញទៅមក
៣.គណៈកម្មការរៀបចំការប្រកួតត្រូវរៀបចំការស្នាក់នៅ និងដឹកជញ្ជូនប្រតិភូកីឡាមកពីប្រទេសទាំងបីឱ្យបានល្អប្រសើរ
៤.ត្រូវអនុវត្តតាមគោលការណ៍ស្តង់ដារសុវត្ថិភាព និងគោរពតាមវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ៕