នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជូនចំពោះសិល្បករ សិល្បការិនី ទាំងផ្នែកបុរាណ និងសម័យនៅក្នុងក្រុងព្រះសីហនុទាំងអស់។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមបានថ្លែងការកោតសរសើរដល់បងប្អូន ក្មួយៗ ជាសិល្បករ សិល្បការិនី ចំពោះស្មារតីស្រលាញ់ ថែរក្សា តំលៃវប្បធម៌ឱ្យបានគង់វង្ស។
ឯកឧត្ដមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំរេចប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះវិស័យសិល្បៈក៏បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចគ្រួសារ និងសង្គម និងបានណែនាំឱ្យមន្ទីរវប្បធម៌ខេត្ត រៀបចំហ្វឹកហាត់ ធ្វើសិក្ខាសាលាប្រជុំដកបទពិសោធន៌ផ្សេងៗ ស្តីពីសិល្បៈ ចំរៀង របាំ ដើម្បីត្រៀមខ្លួនទៅប្រឡងថ្នាក់ជាតិ និងចូលរួមក្នុងឱកាសផ្សេងៗ ដើម្បីបង្ហាញពីសិល្បៈដែលយើងមានដូចជា របាំជូនពរ របាំព្រះរាជទ្រព្យ ឱ្យមហាជនបានដឹង បានស្គាល់កាន់តែទូលំទូលាយ។
ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចនេះសូមសិល្បករ សិល្បការិនី និងក្រុមគ្រួសារទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានឧបត្ថម្ភថវិកាជូនដល់សិល្បករ សិល្បការិនី ក្នុងក្រុងព្រះសីហនុទាំង ១៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០,០០០រៀល។