រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត)ខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយសារសន្តិភាព ទើបយើងមានពេលជួបជុំគ្នាដូចថ្ងៃនេះ ក្នុងនាមប្រធានសមាគម(អ.ម.ត)ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រនិស្សតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានពាំនាំសួសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ាណែត ជូនចំពោះប្អូនៗនិស្សិតអាហារូបករណ៍សម្តេចតេជោ។ អាហារូបករណ៍សម្តេចតេជោបង្កើតឡើងនៅឆ្នាំ២០០៧ រហូតឆ្នាំ២០១៤ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត បានរៀបចំជាសមាគមធ្វើការដឹកនាំតាមរាជធានី ខេត្ត ក្រុង ដោយឡែកខេត្តព្រះសីហនុ ចាប់ផ្តើមនៅឆ្នាំ២០១៥ ដោយយើងបានប្រមូលផ្តុំមកជាគ្រួសារ (អ.ម.ត)តែមួយ។ ការបង្កើតអាហារូបករណ៍នេះ ក្នុងគោលបំណងឱ្យសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្របានចូលសិក្សា ដើម្បីបង្កើននូវចំណេះដឹង និងធនធានមនុស្ស ព្រមទាំងបង្កើតការងារជូននិស្សិតរបស់យើងឱ្យមានចំណេះដឹង ចំណេះធ្វើកាន់តែច្រើន ម្យ៉ាងទៀតស្របពេលដែលប្រទេសជាតិមានការអភិវឌ្ឍ និងការធ្វើសមាហរណកម្មតំបន់អាស៊ានទាមទារនូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។
ឯកឧត្តមបានបញ្ជាក់ទៀតថា យើងមាន២ធ្នូ ចំនួន៣ ទី១. ២ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតរណៈសិរ្សសង្គ្រោះជាតិកម្ពុជា ទី២. ២ធ្នូ ឆ្នាំ១៩៨៧ ជាជំនួបកំពូលសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចរចារដើម្បីសន្តិភាពសម្រាប់កម្ពុជា និង២ធ្នូឆ្នាំ២០២១ ជាការសម្ពោធសមិទ្ធផលផ្លូវ ៣៧ខ្សែនៅក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសសម្ពោធសមិទ្ធផលក្នុងខេត្តព្រះសីហនុ សម្តេចតេជោបានប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់ការដឹកនាំប្រទេសជាតិទទួលបានសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោចំនួន១០វគ្គ ស្មើនឹងប្រមាណ ៥០០នាក់ ដែលកំពុងសិក្សា និងចេញបំរើការងារនៅតាមមន្ទីរអង្គភាព និងបំរើការងារក្នុងវិស័យឯកជនផ្សេងៗផងដែរ៕