រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា ចូលជួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកនាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍វត្តមានឯកឧត្តម Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនិងឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ។ កម្ពុជាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយប្រទេសជប៉ុនលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ឯកឧត្តមបានបន្តថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានទៅទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំជប៉ុនផងដែរ។ ជាមួយគ្នានេះ ពេលកន្លងមកក៏មាននាវាកងស្វ័យការពាកងទ័ពជើងទឹកជប៉ុនបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរខួបទី ៣០ឆ្នាំ ដែលជប៉ុនបានចូល រួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា ដោយក្នុងឪកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញមកធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវាកងស្វ័យការពារជប៉ុនផងដែរ។ ក្រោយ៣០ឆ្នាំ កម្ពុជាទទួលបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នេះដោយសារតែកម្ពុជា បានអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុនបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុកន្លងមកអាចឱ្យនាវាដែលមានជំរៅទឹក៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក១៣.៥០ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក។ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ខែដើមឆ្នាំ ២០២២ មានទំនិញឆ្លងកាត់កើនឡើងចំនួន១៩ភាគរយ បើធៀបនឹង៣ខែដើមឆ្នាំ២០២១។ ប្រទេសជប៉ុនបានជួយកម្ពុជាលើវិស័យជាច្រើនទៀតមានដូចជា សុខាភិបាល អប់រំ ។ល។ ហើយតាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថាគណ:ប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុនឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាតារារះនាទិសនារតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេស។ តាមរយៈទស្សនកិច្ចរបស់គណ:ប្រតិភូ គឺអាចចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រោះប្រជាពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់ផលិតផលរបស់ប្រទេសជប៉ុន។
ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសមកកាន់ខេត្តព្រះសីហនុនាពេលនេះ ឯកឧត្តមមានការភ្ញាក់ផ្អើលដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។ ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូវិនិយោគជប៉ុនមកកាន់កម្ពុជារយៈពេល៣ថ្ងៃមកហើយ កាលពីឆ្នាំ២០១៩ ឯកឧត្តម ក៏បានដឹកនាំគណ:ប្រតិភូវិនិយោគជប៉ុន ចំនួន១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។
ឯកឧត្តម Fumiaki Takahashi បន្តថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូ ក៏បានចូលជួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម សេ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ ក្នុងនោះក៏បានធ្វើសិក្ខាសាលាចាប់ដៃគូរវិនិយោគរវាងជប៉ុន-កម្ពុជា បានចំនួន៤លើក ១.ក្រុមហ៊ុនដៃគូរ ២.ប្រធានធនាគារអេស៊ីលីដា ៣.សហគ្រិនវ័យក្មេងកម្ពុជា និង៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។ ក្នុងឱកាសនោះគណ:ប្រតិភូជប៉ុន ក៏បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម(សូតមាស)យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម៕