នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយមានការចូល រួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះ សីហនុ។
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កន្លងមកសហព័ន្ធម៉ូតូទឹកបានធ្វើការពិភាក្សាជាមួយរដ្ឋបាលខេត្តម្តងរួចមកហើយកាល ពីមុននៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរៀបចំកន្លែងហ្វឹកហាត់ និងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកអន្តរជាតិ ហើយឆ្នាំ២០២២ នេះ កម្ពុជារៀបចំធ្វើការប្រកួតកីឡាម៉ូតូទឹកអន្តរជាតិលើកទី១ នៅខេត្តព្រះសីហនុ។
ឯកឧត្តម បានបន្តថា កីឡាម៉ូតូទឹកកម្ពុជា ត្រូវបានបង្កើតឡើងក្នុងពីឆ្នាំ២០១៧ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយមកនៅឆ្នាំ ២០១៨ កម្ពុជាក៏បានបញ្ជូនកីឡាករម៉ូតូទឹកកម្ពុជាទៅចូលរួមប្រកួតជាអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ហើយកីឡាកររបស់កម្ពុជាទទួលបានមេដាយមាស១ និងមេដាយសំរិទ្ធ១ ធ្វើឱ្យកីឡាម៉ូតូទឹកកម្ពុជារបស់យើងត្រូវបានទទួលស្គាល់ និងមានមុខមាត់លើឆាកអន្តរជាតិ ព្រមទឈទទួលបានការស្វាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ កីឡាម៉ូតូទឹកកម្ពុជា កំពុងត្រៀមខ្លួនចូលរួមប្រកួតយកមេដាយមាសសម្រាប់កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមបានបន្តទៀតថា ដោយទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិ្តឱ្យសហព័ន្ធរៀបចំព្រឹត្តិការប្រកួតកីឡាម៉ូតូទឹកកម្ពុជា នៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២២នេះ ដោយ មានប្រទេសចំនួន ៨ ចូលរួមប្រកួត ហើយមកដល់ពេលនេះមានប្រទេសចំនួន៥ បានបញ្ជូនឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតរួចហើយ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ចំពោះសហពន្ធ័កីឡាម៉ូតូទឹកកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងសម្រាប់ការប្រកួតកីឡាម៉ូតូទឹកអន្តរជាតិលើកទី១។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសូមគាំទ្រ និងចូលរួមសហការជាមួយសហព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការប្រកួតកីឡាម៉ូតូទឹកនៅខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អតាមការរំពឹងទុកនាពេលខាងមុខឱ្យទទួលបានជោគជ័យ។
សូមជម្រាបជូនថា ព្រឹត្តិការប្រកួតកីឡាម៉ូតូទឹកកម្ពុជាមានគោលដៅធំៗចំនួន៣ គឺ៖
១.សាកល្បងសមត្ថភាពកីឡាកររបស់កម្ពុជា ដើម្បីត្រៀមក្នុងការចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
២.តេស្តបទពិសោធន៍គណ:កម្មការរៀបចំព្រឹត្តិការប្រកួតក្នុងខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសរៀបចំការប្រកួតមានដូចជា ទូកក្តោង ម៉ូតូទឹក និងបាល់ទះលើឆ្នេរខ្សាច់ ។
៣.ត្រៀមលក្ខណៈ ក្នុងវិស័យសុខាភិបាលដើម្បីជួយសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ក្នុងពេលប្រកួត។ ម្យ៉ាងវិញទៀតដោយសារ តែខេត្តព្រះសីហនុមានសក្តានុពលជាច្រើនដូចជា ឆ្នេរខ្សាច់សរស្អាត បរិស្ថានល្អ និងមានហេដ្ឋារចនា សម្ព័ន្ធល្អប្រកបដោយផាសុខភាព ដែលជាការបង្ហាញពីភាពទាក់ទាញរបស់ខេត្តព្រះសីហនុ ដល់ភ្ញៀវដែលបានចូលរួមផងដែរ៕