ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងឈ្មោះ ភឺន ផល្លា មានទីតាំងស្ថិតនៅភូមិបត់គគីរ ភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកព្រៃនប់ មេឃុំអូរឧកញ៉ាហេង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងឈ្មោះ ភឺន ផល្លា មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើការស្រាវជ្រាវប្រវត្តិនៃការកាន់កាប់ និងឯកសារជាភស្តុតាងរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋយ៉ាងល្អិតល្អន់។ ហើយករណីវិវាទនេះ រដ្ឋបាលខេត្តបានអនុវត្ត ដោយយោងតាមដីកាបញ្ជូនលេខ ២១០៥ ខន/០១៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , ដីកាបញ្ជូនលេខ៩៧០ ខន/០២០ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , លិខិតលេខ២៣៣ ដនស/អសដភ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , លិខិតលេខ១១៤៧ ដនស/អសដភ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , សំណើរបស់ប្រជាពលរដ្ឋភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ និងលិខិតបង្គាប់ការលេខ០៧៣/២០ លបក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលជាលទ្ឋផលរដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យស្រាវជ្រាវរកឃើញថា ទីតាំងដីវិវាទនេះមានការពាក់ព័ន្ឋបងប្អូនប្រជាពលរដ្ឋប្រមាណ ២៨០គ្រួសារ ដែលមានវិវាទជាមួយលោក ភឺន ផល្លា។
យោងតាមរបាយការណ៍របស់លោកប្រធានការិយាល័យបច្ចេកទេសសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ៖ ករណីនៅភូមិអូរឧកញ៉ាហេង ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ភឺន ផល្លា ចំពោះសាវតាដីនេះ គឺបានបិទផ្សាយមានការប្តឹងជំទាស់ចំនួន៩៨០ក្បាលដី និងទិន្នន័យមិនទាន់បានបំពេញចំនួន១០៦ក្បាលដី។ ក្នុងចំណោម ៩៨០ក្បាលដី ប្រជាពលរដ្ឋមានអាសយដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅឃុំអូរឧកញ៉ាហេងមានចំនួន ២០៨ក្បាលដី។ ថ្មីៗនេះមានអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់តំបន់សហគមន៍ទាំងមូលតែម្តង ដោយគ្របលើអនុក្រឹត្យលេខ០៨ និងអនុក្រឹត្យលេខ៨៨។ ការវាស់វែងរបស់ក្រុមការងារគឺមុនអនុក្រឹត្យលេខ១១។ ក្នុងនោះផងដែរមាន១២ទីតាំង ដែលមិនទាន់បានធ្វើការវាស់វែង។
បន្ទាប់ពីស្តាប់របាយការណ៍ និងជជែកពិភាក្សាគ្នារួចមកឯកឧត្តមអភិបាលខេត្ត និងជាប្រធានអង្គប្រជុំបានដឹកនាំសម្របសម្រួលដោយមានការឯកភាពគ្នាដូចខាងក្រោម៖
១-ចំពោះមុខឯកភាពចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនចំពោះប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ដោយឡែកចំពោះក្បាលដីឡូតិ៍ធំៗ និងដីឡូតិ៍ដែលម្ចាស់មិនមានទីលំនៅអចិន្ត្រៃយ៍ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រង់ចាំការពិនិត្យនៅពេលក្រោយ។