រសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានផ្សារក្នុងក្រុងព្រះសីហនុ។
លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ ប្រធានផ្សារនៅក្នុងក្រុងព្រះសីហនុ ដោយយោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យរាជធានីខេត្តជម្រុញការចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៣ និងទី៤ ដោយរៀបចំគោលការណ៍យុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារដើម្បីបង្កើនភាពសុំាក្នុងខ្លួនដោយផ្តោតសំខាន់ការបើកសេដ្ឋកិច្ចឡើងវិញ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងដូសជម្រុញ ដូសទី៣គ្រប់គ្នា។ ដោយសារបច្ចុប្បន្នកម្ពុជាបានចាក់វ៉ាក់សាំងដូសជម្រុញនៅទូទាំងប្រទេសបានប្រមាណជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១៦លាននាក់។
លោកអភិបាលរងខេត្តបានបន្តថា តាមគោលការណ៍របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យអាជ្ញាធរ ក៏ដូចជាមន្រ្តីចុះផ្សព្វផ្សាយជំរុញការចាក់វ៉ាក់សាំងដូសជម្រុញនៅតាមខ្នងផ្ទះ ក្នុងមូលដ្ឋានដោយក្រុមគ្រូពេទ្យរបស់យើងនៅរង់ចាំបំរើសេវាសុខាភិបាលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព។ ម្យ៉ាងទៀតការចាក់វ៉ាក់សាំងដូសជម្រុញ ផ្តោតសំខាន់លើរោងចក្រ សហគ្រាស ទីប្រជុំជនផ្សារ អាជីវកម្មទេសចរណ៍ និងមុខរបរក្រៅប្រព័ន្ធមានដូចជា (ម៉ូតូកង់៣ ម៉ូតូឌុប)ជាដើម។
តាមរបាយការណ៍កិច្ចប្រជុំពិភាក្សាការចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៣ មានការថយចុះដោយមូលហេតុការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ និងទី២ ប្រជាពលរដ្ឋមកពីបណ្តាខេត្ត នាំគ្នាមកចាក់វ៉ាក់សាំងនៅតាមគោលដៅចាក់វ៉ាក់សាំងតាមក្រុង ស្រុក នៃខេត្តព្រះសីហនុ ហើយការចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៣ ប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងនៅតាមបណ្តារាជធានី ខេត្តរបស់ពួកគាត់។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានជម្រុញឱ្យក្រុង ស្រុក គណ:កម្មការផ្សារ និងក្រុមការងារបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះមកទទួលវ៉ាក់សាំងដូសជម្រុញ (ដូសទី៣) ឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងដូសជម្រុញដើម្បីជាឱកាសឱ្យកម្ពុជាបើកប្រទេស និងបើកសេដ្ឋកិច្ចឡើង វិញជាបន្តបន្ទាប់៕