Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ

រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រខេត្តព្រះសីហនុ មានកោះ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តមានក្រុងពីរ និងស្រុក៣ ស្មើនឹង ២៩ឃុំ-សង្កាត់។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹក ជ្រៅ។ បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុនជួយគាំទ្រការសាងសង់ពង្រីកកំពង់ ផែក្រុងព្រះសីហនុ ពីមុនមានជំរៅទឹក ៩,៥០ម៉ែត្រ។ រដ្ឋាភិបាលជប៉ុនជួយសាងសង់ជំហានទី១ មានជំរៅទឹក ១៣ម៉ែត្រ និងបន្តសាងសង់ជំហានទី២ និងទី៣ មានជំរៅទឹករហូត ១៥ម៉ែត្រ អាចឱ្យនាវានៅលើពិភពលោក ៩៧ភាគរយចូលចតធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមាន ការថយចុះ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ តំបន់សេដ្ឋកិច្ច៥ បាន និងកំពុងដំណើរការផ្តល់ការងារជូនយុវជនកម្ពុជារាប់ម៉ឺននាក់។ ខេត្តមានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង ៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។ ខេត្តមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងដាក់ឱ្យដំណើរការនៅខែ១០ ឆ្នាំ២០២២ខាងមុខនេះ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលបានបន្តថា ក្រសួងសាធារណការបានសហការជាមួយធនាគារ ADB ធ្វើការជួសជុលកែលម្អពង្រីកផ្លូវជាតិលេខ៤ ឱ្យមានសក្តានុពលទាក់ទាញក្នុងការដឹកជញ្ជូន និងការធ្វើចរាចរណ៍កាន់តែមានភាពងាយស្រួល។ រាជរដ្ឋាភិបាលបានបើកចំហរការធ្វើវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះអ្នកវិនិយោគចិនមានការចាប់អារម្មណ៍មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជាសណ្ឋាគារ កាស៊ីណូ និងវិស័យផ្សេងៗទៀត ដែលផ្តល់ការងារដល់យុវវ័យរបស់យើងយ៉ាងច្រើន។
ឯកឧត្តមបានបញ្ជាក់ថា ពីឆ្នាំ ២០០៧-២០១៩ ប្រតិភូកងទ័ព ជើងទឹក និងអនុព័ន្ធយោធាអាមេរិកមកបំពេញទស្សនកិច្ចមូលដ្ឋានសមុទ្រ ២៤លើក។ ការចូលចតនាវាចម្បាំងសហរដ្ឋអាមេរិកនៅខេត្តព្រះសីហនុមានចំនួន ៣១លើក ស្មើនឹង ៣៦គ្រឿង ព្រមទាំងធ្វើលំហាត់ហ្វឹកហ្វឺនរវាងកងទ័ពអាមេរិក ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចាប់ពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្នបានចំនួន១៧លើក ព្រមទាំងបានឧបត្ថម្ភគាំទ្រលើវិស័យផ្សេងៗ មានវិស័យអប់រំ សុខាភិបាល បរិស្ថាន និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងបងប្អូនជាមួយទីក្រុងស៊ីអាថុល (Seattle) សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០០ និងទទួលបានជំនួយមនុស្សធម៌ការពិនិត្យព្យាបាលជម្ងឺទូទៅ ព្យាបាលវះកាត់ភ្នែកចំនួន ២លើក។ ទីក្រុងស៊ីអាថុលសហរដ្ឋអាមេរិកបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តព្រះសីហនុចំនួន ៣០០គ្រួសារ។ ឯកឧត្តមក៏បានស្នើសុំប្រតិភូជួយជំរុញដល់ទីក្រុងស៊ីអាថុល បន្តទំនាក់ទំនងឱ្យជិតស្និទ្ធ និងរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ និងជួយផ្សព្វផ្សាយដល់អ្នកវិនិយោគអាមេរិកមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ។
លោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាត្តឱ្យលោក និងសហការីចូលជួបពិភាក្សា និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ លោក Paul Grove បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ។ កាលពីឆ្នាំ១៩៩៤ លោកបានមកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែការមកដល់នាពេលនេះ លោកមើលខេត្តព្រះសីហនុមិនចង់ស្គាល់ ព្រោះមានការអភិវឌ្ឍន៍រីកចម្រើនលឿនគួរឱ្យកត់សំគាល់ ដែលមានសណ្ឋាគារ និងអាគារខ្ពស់ វាបានផ្តល់នូវអត្ថប្រយោជន៍នូវអាជីវកម្មរីកលូតលាស់កាន់តែច្រើន៕