នៅរសៀលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការក្រោមឱវ៉ាទបានអញ្ជេីញចូលរួមក្នុងពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប (ស្រង់ព្រះ) និងស្រោចសុគន្ធវារីជូនថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តឥន្ទញ្ញាណ(វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តអញ្ជើញពិនិត្យសមិទ្ធផលនានា ក្នុងបរិវេណទីអារាមវត្តឥន្ទញ្ញាណ(វត្តក្រោម)ផងដែរ។
ក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបួងសួងគុណបុណ្យព្រះរតនត្រ័យ កុសលផលបុណ្យទាំងឡាយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជូន ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមទទួលបានឧត្តមពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។