នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនព្រះរាជាណាចក្រកម្ពុជា និងគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះថោង នាងនាគ » ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃសីល ពេញបូណ៍មី ជាថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស ទទួលបាននូវភាពសម្បូរណ៍សប្បាយ ទទួលបាននូវការវិនិយោគលើគ្រប់វិស័យ សម្បូរណ៍ភ្ញៀវទេសចរណ៍ ប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជម្ងឺកាចសាហាវ និងគ្រោះធម្មជាតិផ្សេងៗ៕