នៅល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ”បានប្រកាសបើក ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងវត្តមានភ្ញៀវកិត្តិយស សប្បុរសជន យុវជន និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ដែលប្រារព្ធធ្វើឡើងនៅឆ្នេរពយជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា តាងនាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្នុងនាមរូបលោកផ្ទាល់ សូមស្វាគមន៍ចំពោះវត្តមានដ៏ច្រើនកុះកររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនៗទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ ” ញ៉ាំងកម្មវិធីឱ្យកាន់តែអធិកអធម៌ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះពីថ្ងៃទី១៤ ដល់១៦ ខែមេសាឆ្នាំ២០២២ និងសំដៅជួយទ្រទ្រង់ដល់វិស័យអប់រំនៅក្នុងខេត្តព្រះសីហនុផងដែរ។
លោកបានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗជាយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ សរុបចំនួន ១៨៤នាក់ ដែលបាននាំគ្នារួមគិតផ្តួចផ្តើមរៀបចំកម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ” នេះឡើង ដែលនេះពិតជាស្តែងឱ្យឃើញអំពីឆន្ទៈរបស់យុវជនជាទំពាំងស្នងឬស្សីក្នុងការស្វែងយល់ អភិវឌ្ឍន៍ និងអភិរក្សនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់ ជាកេរ្តិ៍តំណែលដ៏ឧត្តុងឧត្តមពីដូនតាយើងមក ។ទន្ទឹមនឹងនេះក៏ លោកក៏បានថ្លែងនូវការកោត សរសើរ និងអរគុណចំពោះមន្ទីរ អប់រំយុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានជួយគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជំរុញកម្មវិធីនេះឱ្យប្រព្រឹត្តទៅបាន។
លោក បានបញ្ជាក់ថា ខេត្តព្រះសីហនុ ក៏ដូចជាបណ្តារាជធានី-ខេត្តទូទាំងប្រទេស បានខកខានរៀបចំកម្មវិធីបុណ្យចូលឆ្នាំអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយកាលពីថ្ងៃទី៧ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ជាធម្មតាឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកឱ្យដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី តាមរយៈការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសបង្កើតភាពស៊ាំក្នុងសហគមន៍ ធ្វើឱ្យអត្រាចាក់វ៉ាក់សាំងបានកើនឡើងរហូតប្រមាណ៩២ % លើចំនួនប្រជាជន ១៦លាននាក់។ លោកបានអោយដឹងថា ជាមួយនឹងភាពរីករាយនៃការអនុញ្ញាតឱ្យមានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ២០២២ ខេត្តព្រះសីហនុ ពិតជាមានកិត្តិយសជាទី បំផុតដែលបានទទួលដំណឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមកសម្រាកកំសាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខេត្តព្រះសីហនុកាន់តែមានភាពសប្បាយ រីករាយ និងមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រដ្ឋបាលខេត្ត និងប្រជាជននៃខេត្តព្រះសីហនុទាំងមូល។
លោកបានបន្ថែមថា ជាមួយនឹងភាពរីករាយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះដែរ សូមបន្តចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅតាមទីកន្លែងជួបជុំតាមទីសាធារណៈនានាដោយសូមចូលរួមឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និង៣កុំ ៣ការពារ ព្រម ទាំងស្តង់ដា SOP របស់ក្រសួងទេសចរណ៍ជាដើម។
សូមជម្រាបថា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថមថវិកាចំនួន ៥លានរៀល សំរាប់ការរៀបចំកម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ” នេះ។