នៅវេលាម៉ោង ២២ និង០០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល ជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ «មូលព្រះថោងនាងនាគ » ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើ ក្តីនឹករលឹក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អួនកម្មករ និងក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ អស់ពីកំលាំងកាយចិត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសិរីសួស្តី ជ័យមង្គលគ្រប់ក្រុមគ្រួសារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដល់កម្មករ និងក្រុមការងារជំនាញចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០មុឺនរៀល។