រសៀលថ្ងៃសុក្រ ៧កើត ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ស្ថិតឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក ជាមេបញ្ជាការមូលដ្ឋានសមុទ្របានរាយការណ៍ពីការងារសន្តិសុខទូទៅតាមបណ្តោយឆ្នេរសមុទ្រ លើផ្ទៃសមុទ្រ ព្រំដែនទឹក និងព្រំដែនគោកជាប់មាត់សមុទ្រ។ អង្គភាពកងទ័ពជើងទឹកបានត្រៀមកម្លាំងចំនួន ៤០០នាក់ ព្រមទាំងមធ្យោបាយសម្ភារៈសម្រាប់ជួយគាំទ្រអន្តរគមន៍ដល់គណៈបញ្ជាការឯកភាពខេត្តទាំង៤ នៅតាមបណ្ដោយឆ្នេរនូវប្រធានស័ក ឬហានិភ័យផ្សេងៗកើតមានឡើងជាយថាហេតុ ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ បានជួយសាងសង់ផ្លូវចំនួន ២ខ្សែ ជាប្រភេទផ្លូវអ៊ុតកៅស៊ូ (DBST) ខ្សែទី១ ប្រវែង ៣,០០០ម៉ែត្រ ជាប្រភេទផ្លូវដែលត្រូវជួសជុលឡើងវិញ និងខ្សែទី២ បណ្តោយ ៣,៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជាប្រភេទផ្លូវដីលំមានស្រាប់ដែលត្រូវស្ថាបនា និងចាក់កៅស៊ូ (DBST)រួចរាល់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យសេរីសួស្តីឆ្នាំថ្មីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិក និងក្រុមគ្រួសារទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថ្លែងអំណរគុណដល់កងទ័ពជើងទឹកដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបិទខ្ទប់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុនាពេលកន្លងមក។ កងទ័ពជើងទឹកបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទន្ទឹមនោះកងទ័ពជើងទឹកបានចូលរួមសកម្មភាពចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីបង្កើនភាពសុំាក្នុងខ្លួនកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា មូលដ្ឋានកងទ័ពជើងទឹករាម បានកសាងនូវសមិទ្ធផលជាច្រើនបំរើឱ្យអង្គភាព ពិសេសការថែរក្សាសន្តិសុខលម្ហរសមុទ្រ និងការចូលរួមកិច្ចការសង្គមជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងសំណូមពរឱ្យនាយ នាយរង និងពលនាវី និងក្រុមគ្រួសារត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឱ្យបានគ្រប់គ្នា។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរជ័យសេរីសួស្តីជូនចំពោះនាយ នាយរង និងពលនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមឱ្យមានសុខភាពល្អក្នុងក្រុមគ្រួសារ និងបានកោតសរសើរស្នាដៃរបស់កងទ័ពជើងទឹកបានចូលរួមសកម្មភាពការពារទឹកដី បូរណភាពទឹកដី ទទួលបានសុខសន្តិភាព រក្សាឧត្តមប្រយោជន៍ជាតិមាតុភូមិ ម្យ៉ាងទៀតកងទ័ពជើងទឹកជាឆ្មាំការពារសន្តិភាព ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាផងដែរ។
ឯកឧត្តម បានបន្តទៀតថា ក្រោយកម្ពុជាទទួលបានសន្តិភាព រាជរដ្ឋាភិបាលបានកំណត់យករាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ហើយបច្ចុប្បន្ននេះខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋាភិបាលប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដែលមានដូចជា ផ្លូវ ទឹក ភ្លើង កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ សក្តានុពលទាំងអស់នេះនាំឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះយុវជនខេត្តព្រះសីហនុ ចាំបាច់ត្រូវខិតខំសិក្សារៀនសូត្រនូវភាសារបរទេស ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាឌីជីថលស៊ីវីល័យ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គម។
ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមមានដូចជាមីកំប៉ុង៥០កេសធំ ត្រីខ៥០កេសធំ ត្រីងៀត៥០០គីឡូក្រាម ត្រីឆ្អើរ ៥០០គីឡូក្រាម ប្រហុក១០០គីឡូ ក្រាម ផ្អក១០០គីឡូក្រាម ទឹកស៊ីអ៉ីវ ៥០យួរ ទឹកត្រី៥០យួរ ទឹកក្រូច ៣០០កេស ស្រាបៀរ៦០០កេស និងឧបត្ថម្ភថវិកាជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រសរុបចំនួន ១ ១៧០នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភជូនអង្គភាពមូលដ្ឋានសមុទ្រ ២០លានរៀល លម្ហរសមុទ្រ ២លានរៀល សាលាកងទ័ពជើងទឹក ៤លានរៀល និងកម្លាំងប្រឆាំងភេរវកម្មជួរមុខ ៤លានរៀល៕