រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍របស់ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី នៅតំបន់ឆ្នេរមាស ឆ្នេរប្រាក់ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអគ្គនាយកក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធក្នុងការវិនិយោគពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិជាច្រើនគម្រោង ក្នុងនោះគម្រោងវិនិយោគកោះសំពោចជាគម្រោងមួយក្នុងចំណោមគម្រោងទេសចរណ៍ធម្មជាតិផ្សេងទៀតដ៏មានភាពទាក់ទាញ ដោយក្រុមហ៊ុនបានធ្វើការសាងសង់ Bungalow ចំនួន២៧ នៅតាមបណ្តោយឆ្នេរសមុទ្រដែលមានទេសភាពស្រស់ស្អាត ក្នុងនោះមានដូចជា Bungalow Twin, Bungalow Suite និង Wooden House Twin/Double។ ក្រៅពីបឹងហ្គាឡូក៏មានសួនច្បារដ៏ស្រស់ស្អាត និងកន្លែងដើរកម្សាន្តហាត់ប្រាណនៅពីខាងមុខបឹងហ្គាឡូផងដែរ សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងស្នាក់នៅតាមបែបធម្មជាតិ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី ដែលបានអនុវត្តគម្រោងវិនិយោគទៅតាមផែនការអភិវឌ្ឍន៍របស់ខ្លួន ជាពិសេស គម្រោងអភិវឌ្ឍនៅក្នុងតំបន់ឆ្នេរមាសឆ្នេរប្រាក់ កោះសំពោធទៅជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏មានការទាក់ទាញ ព្រោះនៅតំបន់នេះសម្បូរទៅដោយព្រៃភ្នំ និងទេសភាពដ៏ស្រស់ស្អាតគួរឱ្យចង់មកលេងកម្សាន្ត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមហ៊ុនរក្សាព្រៃឈើឱ្យបានគង់វង្សដើម្បីរក្សាលំនឹងបរិស្ថានធម្មជាតិ និងដើម្បីទាក់ទាញទេសចរ និងការវិនិយោគនៅពេលខាងមុខ។
តំបន់ឆ្នេរមាស ឆ្នេរប្រាក់ ជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពជាទីមនោរម្យ កន្លែងស្នាក់នៅមានផាសុកភាព និងភាពស្ងប់ស្ងាត់៕