ព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្តីទីក្រុងព្រះសីហនុ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ១យ៉ាងច្រើនកុះករ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះ គឺត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដែលប្រទេសជឿនលឿនលើពិភពលោកគេកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
លោក ចេង ស្រុង បានបញ្ជាក់ទៀតថា ឯកសារដែលភ្ជាប់មកជាមួយ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់មរណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន និងសូមឱ្យម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់។
ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាពេលនេះ។ ការកំណត់ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបងប្អូនទន្ទឹមរង់ចាំជាយូរមកហើយ និងតបតាមការសំណូមពររបស់លោកចៅសង្កាត់លេខ១ ដែលបានធ្វើកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារ នៅពេលចូលរួមប្រជុំ និងបានលើកបញ្ហា សំណូមពរទាក់ទងការចុះបញ្ជីដីធ្លីនៅសង្កាត់លេខ១ ជូនបងប្អូនប្រជាពលរដ្ឋ។ ចំណែកខ្ញុំក៏ធ្លាប់បានដឹកនាំកិច្ចប្រជុំនានាជាបច្ចេកទេស ក្របខណ្ឌកិច្ចការពាក់ព័ន្ធនឹងដំណើរការ និងការវិវឌ្ឍនៃស្ថានភាពដីធ្លីក្នុងសង្កាត់លេខ១នេះ និងបានចំណាយពេលមិនក្រោម ២០ដងនោះទេ ដើម្បីរិះរកវិធីជម្រុញការចុះបញ្ជីដីធ្លីឱ្យបងប្អូនឱ្យបានលឿនឆាប់ ដើម្បីបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នៅពេលខាងមុខទីក្រុងរបស់យើងកាន់តែរីកចម្រើន មនុស្សស្នាក់នៅកាន់តែច្រើន យើងខិតខំធ្វើការអភិវឌ្ឍក្រុងរបស់យើងបន្តទៀត។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនីរតី ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការបច្ចេកទេសជាច្រើន ដើម្បីជួយដឹកនាំអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើន។ គោលដៅរបស់យើងចង់ពង្រីកក្រុងរបស់យើងឱ្យកាន់តែធំ ដើម្បីបំរើផលប្រយោជន៍បងនប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីជំនាញនិងសូមត្រៀមឱ្យបានរួចរាល់នូវឯកសារពាក់ព័ន្ធនានាដើម្បីឱ្យដំណើរនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានដំណើរការទៅភាពរលូន និងសម្រេចតាមផែនការគ្រោងទុក។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងបង្កើនភាពសុំាក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ ប្រសិនបើមានការឆ្លងវាមិនមានហានិភ័យដល់អាយុជីវិតនោះឡើយ៕