ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដោយមានការចូលរួមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍ផ្លូវទឹក។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុកាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍តាមកោះនានាក្នុងខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។ ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឱ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឱ្យទីផ្សារទេសចរណ៍ក្នុងខេត្តព្រះសីហនុកាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល តាមរយៈការខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕