រសៀលថ្ងៃពុធ ៦រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងសង្គមកិច្ច លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងលោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត មានប្រសាសន៍អបអរសាទរការសម្ពោធដាក់ឱ្យដំណើការអគាររដ្ឋបាលមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ព្រមទាំងកោតសរសើរ និងវាយតម្លៃថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ សង្គមកិច្ចខេត្តព្រះសីហនុ បានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញតួនាទីភារកិច្ចស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងបេសកកម្មផ្តល់សេវាសុខុមាភាពសង្គមជូនដល់ជនរង គ្រោះជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការ ជនរស់នៅតាមចិញ្ចើមថ្នល់ កុមារកំព្រា និងកុមារងាយរងគ្រោះ ស្ត្រីបម្រើសេវាកំសាន្ត អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងមេរោគកាចសាហាវ និងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រកបដោយសមធម៌ និងមានតម្លាភាព។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានបង្វែទិសអភិវឌ្ឍខេត្តព្រះសីហនុរបស់យើង ជាតំបន់បំរើឱ្យពហុវិស័យ នេះជាមោទនភាពរបស់ជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះយើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាចំណែកមួយក្នុងការបំរើការងារ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋានក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត។ ផ្អែកលើស្ថានភាពជាក់ស្តែង អគារនេះជាសមិទ្ធផលថ្មីរបស់មន្ទីរសង្គមកិច្ចដែលមានភាពសមរម្យ ក៏ជាការលើកទឹកចិត្តដល់មន្ត្រីរបស់យើងខិតខំបំពេញការងារកាន់តែល្អប្រសើរ៕