ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ បានលើកឡើងថាមជ្ឈមណ្ឌលមានផ្ទៃដីទំហំ២០ហិកតា និងបានដំណើរការសាងសង់ចាប់ពីឆ្នាំ២០១៧ និងបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នាពេលនេះ។
មជ្ឈមណ្ឌលនេះគឺសាងសង់ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាជំនួយពីសប្បុរសជន ថវិកាមូលនិធិសម្តេចក្រឡាហោម ជាពិសេសថវិកាជំនួយពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមបញ្ជាក់ផងដែរថា នៅក្នុងមជ្ឈមណ្ឌលនេះមានអាគារសរុបចំនួន ២១អាគារ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូចំនួន៨ខ្សែ ចំណតរថយន្ត ដាក់បង្គោលការពាររន្ទះ ធ្វើរបង រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកកង្វក់ ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តារាងបាល់បោះ បាល់ទាត់ និងតារាងបាល់ទះ ដោយចំណាយថវិកាសរុបចំនួនជាង៧លាន៤ពាន់ដុល្លាអាមេរិក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនដែលរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនធ្វើយ៉ាងណាឱ្យសារធាតុញៀនបានឆាប់សាបពីខ្លួន ដើម្បីកែខ្លួនឱ្យទៅជាពលរដ្ឋល្អគ្រួសារល្អ កូនល្អនៅក្នុងសង្គម ហើយនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលដាក់សម្ពោធនៅថ្ងៃនេះ ក៏មានមុខជំនាញជាច្រើនដើម្បីឱ្យប្អូនទាំងអស់ចាប់យកចំណេះជំនាញ នៅពេលដែលចេញពីមជ្ឈមណ្ឌលកែប្រែ ប្អូនៗដែលមានចំណេះជំនាញមានឱកាសស្វែងរកការងារ ជៀសផុតពីការជួបជុំមិត្តភក្កិចាស់ឈានទៅរកការជក់គ្រឿងញៀនបន្តទៀត៕