ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ គណៈប្រតិភូខេត្តព្រះសីហនុចំនួន ១៥រូប ដឹកនាំដោយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលាធុរកិច្ចទីក្រុងឈីងតាវ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងពិធីចុះអនុស្សារណៈ ចងសម្ព័ន្ធមេត្រីភាពទីក្រុងបង-ប្អូនរវាងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុង ឈីងតាវ ខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែល ប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងឯកឧត្តម ជីង សីុន សីុ អភិបាលក្រុងឈីងតាវ និងបានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី វិនិយោគិន គណៈប្រតិ ភូ ភាគីកម្ពុជា-ចិន ប្រមាណ ៦០នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ខេត្តព្រះសីហនុ និងទីក្រុងឈីងតាវ បានចុះអនុស្សារណៈ ចងសម្ព័ន្ធមេត្រីភាព ទីក្រុងបង -ប្អូន ដែលភាគីខេត្តព្រះសីហនុ តំណាង ដោយឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ និងភាគី ទីក្រុងឈីងតាវ តំណាងដោយ ឯកឧត្តម ជីង សីុនសីុ អភិបាលក្រុងឈីងតាវ។ ការចុះ អនុស្សារណៈនេះ ធ្វើឡើងក្នុងគោលបំណងបង្កើត កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាព រវាងប្រជាជនខេត្ត និងទីក្រុងទាំងពីរ តាមរយៈការ ពិគ្រោះយោបល់ ស្និតស្នាល ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍ជាដើម ជាពិសេស ទៅលើវិស័យចម្បងៗ ដូចជាការ អភិវឌ្ឍសេដ្ឋកិច្ចខៀវ កំពង់ផែ និង ទេសចរណ៍។
គួសបញ្ជាក់ ផងដែរថា ខេត្តព្រះសីហនុ-កម្ពុជា បានចងសម្ព័ន្ធមេត្រីភាពខេត្ត និងទីក្រុងបង-ប្អូន ជាមួយបណ្តាខេត្ត និងទីក្រុង នៃសាធារណៈរដ្ឋ ប្រជាមានិតចិន មួយចំនួនដូចជា៖ ខេត្តហ្វូសីុ ខេត្តជាំងស៊ូ ទីក្រុងណាននីង និងថ្ងៃនេះ ជាមួយទីក្រុងឈីង តាវ ។ ដោយ សេន រ៉ន