Home / ព័ត៌មានទូទៅ / ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញលទ្ធផលរបស់ក្រុមពិភាក្សា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១

ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញលទ្ធផលរបស់ក្រុមពិភាក្សា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១

រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញលទ្ធផលរបស់ក្រុមពិភាក្សា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំចៅសង្កាត់ និងអង្គការក្រៅសង្គមស៊ីវិល។
បន្ទាប់ពីស្តាប់បទបង្ហាញលទ្ធផលរបស់ក្រុមពិភាក្សាលើប្រធានបទចំនួន០៥ ដូចខាងក្រោម៖
-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
-ការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
-ការងារផ្តល់សេវាសាធារណៈ
-យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់
-ការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងផ្តល់មតិណែនាំដូចខាងក្រោម៖
-រដ្ឋបាលខេត្ត ប្តេជ្ញាចិត្តរៀបចំមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនថ្នាំ នៅឆ្នាំ២០២៣
-រដ្ឋបាលក្រុងស្រុកត្រូវចូលរួមទទួលខុសត្រូវ និងរួមចំនែកក្នុងចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពក្រុងស្រុក
-គណៈបញ្ជាការឯកភាពក្រុងស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ និងអ្នកវិនិយោគ នៅខេត្តព្រះសីហនុ
-ពាក់ព័ន្ធនឹងការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយទី១. ស្នើសុំអង្គភាពដែលត្រូវមានសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ថវិកា សូមចេះប្រើប្រាស់ថវិកា ប្រើប្រាស់ថវិកាឱ្យចំគោលដៅ ប្រើប្រាស់ថវិកាឱ្យអស់ និងទាន់ពេលវេលា ទី២. ត្រូវចេះកៀរគរចំណូលពីពន្ធ ដែលជាចំណូលរបស់ថ្នាក់ក្រោមជាតិ
-ទាក់ទងនឹងការងារផ្តល់សេវាសាធារណៈ មន្ទីរអង្គភាពមួយចំនួននៅបន្តការផ្តល់សេវានៅអង្គភាព របស់ខ្លួន ត្រូវផ្ទេរការផ្តល់សេវាមកអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូល តែមួយក្រុងស្រុក ដោយត្រូវរួមគ្នាទទួលខុសត្រូវផ្តល់សេវាសាធារណៈឱ្យបានល្អ មានតម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយ សេវាបានលឿនជូនដល់អតិថិជន ព្រមទាំងរួមគ្នាកាត់បន្ថយភាពស្មុគស្មាញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាបានឆាប់រហ័ស
-មេឃុំចៅសង្កាត់ ក្រុងស្រុក មន្ទីរអង្គភាព ត្រូវផ្លាស់ប្តូរឥរិយាបទក្នុងការផ្តល់សេវាសាធារណៈ ដោយផ្តល់ភាពងាយស្រួល និងបម្រើប្រជាជនឱ្យបានល្អប្រសើរ
-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវជំរុញឱ្យបានលឿននូវការប្រកាសតំបន់វិនិច្ឆ័យ និងចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
-យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ការគាំទ្រតាមរយៈថវិកា សម្ភារៈ និងបច្ចេកទេស ដោយក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើន និងពង្រឹងសមត្ថភាពដោយខ្លួនឯង
-ការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការបង្កើនការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ ដោយចាក់ចាប់ពីអាយុ៣ឆ្នាំឡើង ដោយត្រូវចូលរួមឱ្យបានគ្រប់ៗគ្នា និងការបែងចែកថ្នាំព្យាបាលជំងឺកូវីដ-១៩ ទៅកន្លែងធ្វើតេស្តសំណាក និងតាមមណ្ឌលសុខភាព។
ក្នុងឱកាសនោះ ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានជូនថវិការង្វាន់លើកទឹកចិត្ត ប័ណ្ណសរសើរដល់ប៉ុស្តិ៍នគរបាល ឃុំសង្កាត់ ដែលមានស្នាដៃក្នុងការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ។