អបអរសាទរទីក្រុងព្រះសីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ានសម្រាប់ឆ្នាំ២០២១
ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់កម្ពុជានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
សម្រាប់គោលបំណងនៃការផ្តល់ពានរង្វាន់ និងវិញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបានទីក្រុងស្អាត និងបៃតង។ នៅក្នុងក្របខណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ឆ្នាំម្តង ក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងនិងវិញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។
សូមបញ្ជាក់ថា តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ឆ្នាំ២០១៦-២០៣០៕