ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអាហារ ភេសជ្ជៈជូនកុមារកំព្រា ក្នុងទិវា នៃក្តីស្រឡាញ់
រសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំនូវអាហារ និងភេសជ្ជៈជូនកុមារកំព្រារក្នុងបុរីកុមារកំព្រាខេត្តព្រះសីហនុ ក្នុងឱកាសទិវា នៃក្តីស្រឡាញ់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះកុមារកំព្រា ក្នុងបុរីកុមារកំព្រាក្រុងព្រះសីហនុ មានចំនួន២០នាក់ ស្រី១៥នាក់ មណ្ឌលអង្គការម្លប់តាប៉ាង១៣នាក់ ស្រី០៤នាក់ មណ្ឌលផ្ទះ នៃគ្រួសារ ១៩នាក់ ស្រី០៩នាក់ កុមារកំព្រាក្នុងសហគមន៍ ១៦នាក់ ស្រី០៨នាក់ សរុបចំនួន៦៨នាក់ ស្រី ៣៦នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយកុមារកំព្រាដោយគូសបញ្ជាក់ថា ក្នុងឱកាសទិវា នៃក្តីស្រឡាញ់ យើងបានធ្វើការជួបជុំគ្នាជាថ្មីម្តងទៀតជាមួយក្មួយៗកុមារកំព្រា និងបាននាំយកអាហារ និងភេសជ្ជៈយកមកផ្ញើក្មួយៗកុមារកំព្រាដែលបានចូលរួមនាពេលនេះ ដូច្នេះក្មួយៗកុមារកំព្រារត្រូវតែមានសង្ឃឹម ខិតខំឧស្សាព្យាយាមរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ ប្រែក្លាយជីវិតរបស់យើងឱ្យមានអនាគត ព្រោះក្មួយៗទាំងអស់គ្នា ត្រូវបានការការពារ និងយក ចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត អាជ្ញាធរក្រុង ពិសេសលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលដែលបានជួយមើលថែទាំ និងអប់រំបណ្តុះបណ្តាលក្មួយៗ និងបញ្ជូនទៅរៀនសូត្រ បំណិនជីវិតនៅក្នុងសង្គម ដូច្នេះក្មួយៗមិនឯកោនោះទេ គឺក្មួយៗមានការយកចិត្តទុកដាក់ ហើយបានសិក្សារៀនសូត្រនៅតាមសាលារដ្ឋ ដូចកុមារដទៃទៀតផងដែរ ម្យ៉ាងទៀតក្មួយខ្លះបានរៀនចប់ ហើយចេញទៅបង្កើតមុខរបរដោយខ្លួនឯង និងបង្កើយក្រុមគ្រួសារថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តែផ្តាំក្មួយៗទាំងអស់ត្រូវស្តាប់តាមការអប់រំ ណែនាំរបស់លោកគ្រូអ្នកគ្រូក្នុងមណ្ឌលនីមួយៗ និងក្នុងសាលារៀនឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ រស់នៅប្រកបដោយសុភមង្គល និងមានអនាគតកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ ក្មួយៗត្រូវទទួលយកនូវដំបូន្មានល្អៗពីលោកគ្រូអ្នកគ្រូ ស្គាល់តម្លៃសីលធម៌ សុជីវធម៌ក្នុងការរស់នៅក្នុងសង្គម ការចេះគោរពចាស់ទុំ ចេះជួយគ្នា សាមគ្គីគ្នា ត្រូវស្គាល់ពីតម្លៃខ្លួនឯង ប្រកបដោយកាយវាចាចិត្ត និងបើកចិត្តឱ្យបានទូលាយប្រើភាពបរិសុទ្ធ ស្គាល់ហេតុ ស្គាល់ផល ព្យាយាមធ្វើតែអំពើរល្អឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ពិសេសត្រូវចេះឱ្យតម្លៃខ្លួនឯង។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបាននាំយក PIZZA និងភេសជ្ជៈជូនកុមារកំព្រាក្នុងទិវា នៃក្តីស្រឡាញ់ ព្រមទាំងឧបត្ថម្ភថវិកាជូនកុមារកំព្រារចំនួន៦៨នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕