ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ នៅកំពង់ផែក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពន្យល់អំពីគម្រោងដល់អ្នកពាក់ព័ន្ធ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបានបញ្ចេញទស្សនៈ មតិយោបល់ កង្វល់ និងសំណូមពរលើប្រភេទទីតាំង និងសកម្មភាពគម្រោង និងប្រមូលមតិយោបល់ពីអ្នកពាក់ព័ន្ធ សម្រាប់រៀបចំរបាយការណ៍គម្រោងប្លង់រចនាសម្ព័ន្ធសម្រាប់ចំណតផែកុងតឺន័រថ្មីទី២ (NCT2) និងទី៣ (NCT3) ដែលមានចំនួន ២៥០.០០០TEU។
នាឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំប្រមូលធាតុចូលពីអស់លោក លោកស្រី ជាមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តែអង្គប្រជុំនៅតែមានកង្វល់ពីហេតុផលប៉ះពាល់បរិស្ថាន ព្រមទាំងស្នើឱ្យក្រុមហ៊ុន VB Consultant ត្រូវបន្តការសិក្សាផលប៉ះពាល់បរិស្ថានឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការសាងសង់ផែកុងតឺន័រទី២ និងទី៣។