ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មជ្ឈមណ្ឌល បណ្ដុះបណ្ដាល សារព័ត៌មាន សហគមន៍កម្ពុជា ប្រចាំ ខេត្តព្រះសីហនុ សហការជាមួយ សាខាសម្ព័ន្ធ អ្នកសារព័ត៌កម្ពុជា ប្រចាំខេត្តព្រះសីហនុ បានរៀបចំបើក វគ្គបណ្ដុះបណ្ដាល មួយនៅក្នុងខេត្តព្រះសីហនុ ដើម្បីបណ្ដុះបណ្ដាលជំនាញ ដល់អ្នកយកព័ត៌មាន និង សរសេរព័ត៌មាន ក្នុងការយកព័ត៌មាន និងសរសេរព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ និង លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ។
កម្មវិធីបណ្ដុះបណ្ដាលនេះដោយទទួលបាន លោកមឿន ឈានណារឹទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សា ផ្នែកសារព័ត៌មាន និងជាទីប្រឹក្សាបណ្ដុះបណ្ដាល សារព័ត៌មានសហគមន៍ មកបណ្ដុះបណ្ដាល។
លោក ដែន អយុធ្យា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសារព័ត៌មានហគមន៍កម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ ឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសារព័ត៌មានសហគមន៍ ប្រចាំខេត្តព្រះសីហនុនេះ ក្នុងគោលបំណង ដើម្បី
លើកស្ទួយកំរិតវិជ្ជាជីវៈ អ្នកសារព័ត៌មានទាំងអស់ ឱ្យមានការរីកចម្រើនថែមទៀត។
ការបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងតាមរយៈ នៃការចុះអនុស្សរណៈ យោគយល់គ្នា រវាង មជ្ឈមណ្ឌល បណ្ដុះបណ្ដាល សារព័ត៌មានសហគមន៍កម្ពុជា ជាមួយនឹងវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមានតួនាទី ជួយផ្ដល់ ជំនួយផ្នែកបច្ចកទេស ផ្នែកសារព័ត៌មាន។
ការសិក្សានេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល សារព័ត៌មានសហគមន៍ខេត្តព្រះសីហន បានធ្វើការរៃអង្គាសថវិកា ពីក្រុមអ្នក សារព័ត៌មាន និងបានទទួលការឧបត្ថម្ភពីបងប្អូនសប្បុរសជន នៅក្នុងខេត្តព្រះសីហនុ ដើម្បីជួយទ្រទ្រង់ វគ្គបណ្ដុះបណ្ដាល នេះ។
ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីនេះ បានមានប្រសាសន៍ សំណេះ សំណាល ដោយចាត់ទុកថា វគ្គបណ្ដុះបណ្ដាលជំនាញយកព័ត៌មាន និងសរសេព័ត៌មាន ដែលមជ្ឈមណ្ឌល បណ្ដុះបណ្ដាល សារព័ត៌មាន សហគមន៍ ខេត្តព្រះសីហនុ បង្កើតឡើងនេះពិតជាបាននាំមកនូវជោគជ័យ យ៉ាងច្រើន សម្រាប់អ្នកសារព័ត៌មាន ក្នុងការយកព័ត៌មាន និងសរសេរព័ត៌មាន របស់ខ្លួន ពិតជាមានតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាពនានា របស់ថ្នាក់ដឹកនាំខេត្តជូន ប្រជាពលរដ្ឋទូទៅ ព្រមទាំងបានពាំនាំនូវ សំណូមពរ និងក្ដីកង្វល់នានា របស់ប្រជាពលរដ្ឋជូន ថ្នាក់ដឹកនាំខេត្តក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍខេត្ត និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ប្រសើរស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ សម្បត្តិ