ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានអញ្ជើញចូលរួមការបង្ហាញពីសីលធម៌វប្បធម៌ ប្រពៃណីខ្មែរ ក្រោមប្រធានបទ “ឥរិយាបថ ដើរ សំពះ និងអង្គុយ” របស់សិស្សសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងក្រុង ស្រុកទាំង៥ និងលោកលោកស្រីប្រធានមន្ទីរ ពាក់ព័ន្ធ។
តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ការបង្ហាញសីលធម៌ វប្បធម៌ ប្រពៃណីខ្មែរ ក្រោមប្រធានបទ “ឥរិយាបថ ដើរ សំពះ និងអង្គុយ” របស់សិស្សសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ដែលបានចូលរួមការប្រកួតមានចំនួន ២០គូរ ស្មើនឹង៤០នាក់ ដោយជ្រើសរើសបានសិស្សឆ្នើមចំនួន ០៩នាក់។
វិញ្ញាសារដែលត្រូវប្រឡងមានដូចខាងក្រោម៖
១.របៀប នៃការសំពះទៅកាន់អ្នកដែលមានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិ។
២.របៀប នៃការសំពះទៅកាន់អ្នកដែលមានវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ។
៣.របៀប នៃការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាអាចារ្យ។
៤.របៀប នៃការសំពះព្រះមហាក្សត្រ ព្រះសង្ឃ ឬវត្ថុសក្តិសិទ្ធជាទីសក្ការៈ។
៥.របៀប នៃការសំពះព្រះរតនត្រ័យ ព្រះឥន្ទ ព្រះព្រហ្ម ទេវតា និងការបួងសួងនានា។
៦.របៀបនៃការអង្គុយនៅលើកៅអី។
៧.របៀបនៃការអង្គុយបត់ជើងលើកម្រាលព្រំ។
លោកជំទាវ អ៊ូ ធីតាពៅ បានឱ្យដឹងថា ការប្រារព្ធពិធីក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់អំពីសីលធម៌ វប្បធម៌ ប្រពៃណីខ្មែរ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស និងមហាជន ដោយចាប់ផ្ដើមបណ្ដុះបណ្ដាលសុជីវធម៌ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានឥរិយាបថដ៏ល្អប្រពៃចាប់ពីកុមារភាព។ ការសំពះ គឺជាមរតកខ្មែរដ៏ថ្លៃថ្លាបំផុត និងជាទំនៀមទំលាប់ប្រពៃណីខ្មែរតាំងពីដូនតាយូរលង់ណាស់មកហើយ ដែលមានខ្លឹមសារបញ្ជាក់ពីការសម្ដែងគារវកិច្ចចំពោះចាស់ទុំ អ្នកមានឋានៈធំជាងខ្លួន ឬអ្នកដែលមានឋានៈប្រហាក់ប្រហែលខ្លួន ដោយចរិតថ្លៃថ្នូរ សុភាពរាបសា និងបង្ហាញឱ្យឃើញពីកាយវិការទន់ភ្លន់មានសុជីវធម៌ របស់ប្រជាពលរដ្ឋកម្ពុជា និងចេះផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកនៅក្នុងសង្គមតែមួយ។
ក្នុងឱកាសនោះលោកជំទាវ អ៊ូ ធីតាពៅ ក៏បានផ្តល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍ និងថវិកាជូនដល់សិស្សឆ្នើម ចំនួន០៩នាក់ និងប្រគល់ថវិកាដល់សិស្សមិនបានទទួលជ័យលាភីចំនួន ៣១នាក់ ព្រមទាំងផ្តល់ថវិកាជូនយុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និសិ្សត អ.ម.ត (និសិ្សតអាហារូបករណ៍សម្តេចតេជោ) និងលោកគ្រូ អ្នកគ្រូបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន មិត្តភាពដែលបានចូលរួមផងដែរ៕