ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសក្តានុពលទេសចរណ៍ព្រៃកោងកាង នៅតំបន់ព្រែកទឹកសាប ស្ថិតនៅភូមិសាស្រ្ត ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា នៅតាមបណ្តោយព្រែកទឹកសាបមានរុក្ខជាតិដុះចម្រុះជាច្រើនមានដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខជាតិព្រៃលិចទឹកចម្រុះជាច្រើនប្រភេទផ្សេងទៀត ទន្ទឹមនោះក៏មានមច្ឆាជាតិ និងសត្វស្លាបជាច្រើនប្រភេទ ជាពិសេសត្រីផ្សោតសមុទ្រ ដែលជាសក្តានុពលដ៏សម្បូរបែប អាចទាក់ទាញភ្ញៀវទេសចរណ៍ជិះទូកលេងកម្សាន្តទស្សនាព្រៃកោងកាង មច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទនៅតាមព្រែកនេះផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាមូលដ្ឋានត្រូវបំផុសប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងការពារបរិស្ថាននៅតាមដងព្រែកទឹកសាប និងត្រូវដាំដើមកោងកាងបន្ថែមនៅតាមតំបន់ព្រៃរិចរិល ព្រោះព្រៃកោងកាងជាជម្រកបក្សាបក្សី និងជាមន្ទីរសម្ភពរបស់មច្ឆាជាតិ ហើយប្រជាសហគមអាចចេញទៅនេសាទយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងបម្រើដល់វិស័យទេសចរណ៍ក្នុងសហគមន៍ផងដែរ។ ឯកឧត្តមសង្ឃឹមថា តំបន់ព្រែកទឹកសាបនេះ នឹងក្លាយជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនាពេលខាងមុខ៕