រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវានៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា ការផ្តល់សេវានាពេលបច្ចុប្បន្ននៅមានការយឺតយ៉ាវ យើងត្រូវមានការទទួលខុសក្នុងការជម្រុញ និងពន្លឿនសេវាបំរើអតិថិជនឱ្យបានលឿន ឆាប់សម្រាប់ឆ្នាំ២០២២ នេះ ទន្ទឹមនោះយើងត្រូវធ្វើកាបេ្តជ្ញាចិត្តការផ្តល់សេវាឱ្យបានលឿន និងមានតម្លាភាព។ មន្ត្រីរបស់យើងដែលមានភារកិច្ចទទួលខុសត្រូវផ្តល់សេវានៅតាមច្រកចេញចូលតែមួយបំរើសេវាសាធារណៈជូនអតិថិជនឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ បានផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ហើយមានសេវានៅផ្នែកខ្លះធ្វើបានល្អ ក៏ប៉ុន្តែផ្នែកខ្លះនៅតែមានការយឺតយ៉ាវ ដូច្នេះយើងត្រូវទទួលការខុសត្រូវប្រកបដោយឆន្ទៈក្នុងការដោះស្រាយសេវាជូនអតិថិជនទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ហាមដាច់ខាតមិនអនុញ្ញាតិឱ្យអតិថិជនកាន់ឯកសារទៅកាន់មន្ទីរ អង្គភាពផ្ទាល់ខ្លួន ដូច្នេះមន្ត្រីជួរមុខ និងជួរក្រោយត្រូវកាន់ឯកសារទៅមន្ទីរ អង្គភាពពាក់ព័ន្ធដោយខ្លួនឯង៕