ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងសិក្ខាកាមមកពី ២៥ រាជធានី ខេត្ត ចំនួន៩០នាក់ និងមានការចូលរួមពីលោកDavid Curtis ទីប្រឹក្សាពិការភាព នៃអង្គការ Light For The World លោកស្រី ប៉ែន កេសរនីកូល តំណាងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាផងដែរ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជ្រើសយកខេត្តព្រះសីហនុបើកសិក្ខាសាលា ក្នុងគោលបំណងបង្ហាញ និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ នៃសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ នៃសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី ខេត្ត ឆ្នាំ២០២១ ការកសាងបណ្តាញសុវត្ថិភាពចរាចរណ៍ និងកសាងភាពធន់របស់សាខាក្នុងការអនុវត្តសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រកបដោយបរិយាបន្ន ដើម្បីបង្ការជីវិតប្រជាពលរដ្ឋពីការស្លាប់ របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ទិសដៅការងារអភិវឌ្ឍន៍យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរា ចរណ៍ក្នុងផែនការ អប្បបរមារបស់សាខាទាំង២៥ រាជធានី ខេត្ត។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានបន្តថា យុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្តព្រះសីហនុ បានបង្កើតនៅឆ្នាំ២០២១ មានសាលាគោលដៅចំនួន១២ ទីប្រឹក្សា ២៥ នាក់ និងយុវជន ៧៥១នាក់ ស្រី ៣១៩នាក់ ដោយបានបណ្ដុះបណ្ដាលនូវចំណេះដឹងជាមូលដ្ឋាន អំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំងចំណេះដឹងអំពីការអប់រំសុខភាព និងវិជ្ជាសង្គ្រោះបឋម។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មានចំនួន ២៦៧នាក់ ស្រី ៨៤នាក់។ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រោះធម្មជាតិក្នុងខេត្ត បានពង្រីកបណ្តាញក្នុងជួរមន្ត្រីរាជការ ព្រះសង្ឃ កម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងពលរដ្ឋបង្កើតមាននៅតាមឃុំសង្កាត់ទាំង៥ មានសមាសភាពសរុប ២៤០នាក់ ស្រី ១២៥នាក់ និងពង្រីកអ្នកស្ម័គ្រចិត្តនៅក្រុងកោះរ៉ុង ៥០នាក់ បានធ្វើសកម្មភាពផ្សព្វផ្សាយ និងចុះចែកចាយស្បៀងរបស់សាខា និងស្បៀងរបស់រាជរដ្ឋាភិបាលនៅតំបន់បិទខ្ទប់ និងតំបន់ក្រហមចំនួន ៤៣,៣៨៩ គ្រួសារ។ បានចូលរួមការងារគ្រោះមហន្តរាយ ជួយសម្រាលការលំបាកប្រជាពលរដ្ឋដោយប្រការផ្សេងៗ ជួយឧបត្ថម្ភដល់អ្នកជំងឺអេដស៍ក្នុងមូលដ្ឋានជាដើម។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចបានពង្រឹង និងជំរុញគ្រប់សកម្មភាពកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងអ្នកស្ម័គ្រចិត្ត និងជាប្រតិបត្តិកររបស់កាកបាទក្រហមកម្ពុជាយ៉ាងសំខាន់ ព្រមទាំងបានកោតសរសើរខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។ ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តបានដំណើរការល្អ និងជំរុញសកម្មភាពជួយដល់អាជ្ញាធរសាធារណៈប្រកបដោយគុណតម្លៃ សម្រាប់វិស័យការងារនីមួយៗ។
លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត បានស្ម័គ្រចិត្តលះបង់ពេលវេលា ដ៏មានតម្លៃចូលរួមសកម្មភាពមនុស្សធម៌ ចូលរួមឧបត្ថម្ភគាំទ្រការងារអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺជំងឺកូវីដ-១៩ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ពិសេសភាពម្ចាស់ការទាំងស្រុងខាងផ្នែកហិរញ្ញវត្ថុរបស់សាខា។ អ្នកស្ម័គ្រចិត្តជាកម្លាំងស្នូល ជាឆ្អឹងខ្នងរបស់សកម្មភាពមនុស្សធម៌ នៃសង្គមជាតិនីមួយៗ ក្រុមទាំងពីរនេះជាកម្លាំងចលករ ជាអ្នកផ្ដល់សេវាកម្មស្ម័គ្រចិត្ត ជាគោលការណ៍គ្រឹះមួយក្នុងចំណោមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម។ បណ្ដាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៦ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បណ្ដាញអ្នកស្ម័គ្រចិត្តទទួលការបណ្ដុះបណ្ដាលនូវចំណេះដឹងជាមូលដ្ឋាន អំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំងចំណេះដឹងអំពីការអប់រំសុខភាព និងវិជ្ជាសង្គ្រោះបឋម ពួកគាត់ធ្វើសកម្មភាព ឬប្រតិបត្តិការនៅតាមភូមិ ឬមូលដ្ឋានតាមតម្រូវការជាក់ស្ដែង។ ចំណែកក្រុមយុវជនកាកបាទក្រហមកម្ពុជា ពួកគាត់សុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលប្រហាក់ប្រហែលនឹងអ្នកស្ម័គ្រចិត្ត ពួកគាត់ជាយុវជននៅក្នុងគ្រឹះស្ថានសិក្សា។ ភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតឱ្យមាននូវគម្រោងឈ្មោះថា “យុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពបចរាចរណ៍”។ រយៈពេល ២ឆ្នាំ (២០២០-២០២១) ក្រោមម្លប់នៃសន្តិភាព និងភាពឆ្លាតវៃប៉ិនប្រសព្វរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មិនថាការចម្លងវីរុសកូវីដ-១៩ ខ្លាំងក្លាយ៉ាងណា ក៏អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមនៅតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយបានលះបង់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយចំណេះដឹង ការពារខ្លួនកុំឱ្យឆ្លងមេរោគពីខ្នងផ្ទះមួយ ទៅផ្ទះមួយ ដោយចាប់ផ្ដើមពីចំណេះដឹងមូលដ្ឋាន រហូតមានយុទ្ធសាស្ត្រ។ ក្រៅពីការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដោយបាន និងកំពុងអនុវត្តយ៉ាងសកម្មផុសផុលដោយកម្លាំងអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទបក្រហមទាំង ២៥រាជធានី ខេត្ត ក្នុងការកាត់បន្ថយការស្លាប់ របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស៕