រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នងមានការចូលរួមពីលោកឧកញ៉ា តុង ចំរើន ជាសប្បុរសជន ចុះពិនិត្យទីតាំងសាងសង់អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជម្រាបជូនថាសំណង់អគារសិក្សាដែលត្រូវសាងសង់នេះមានបណ្តោយ ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង ១០បន្ទប់ សរុបមាន ៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លាសហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា ការសាងសង់រយៈពេលមួយឆ្នាំ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាកន្លងមក ឯកឧត្តមបានមកជួបលោកគ្រូ អ្នកគ្រូ នៅពេលដែលយើងត្រៀមបើកសាលារៀនឡើងវិញ ក្រោយពេលវិបត្តិកូវីដ-១៩ បានធូរស្បើយ តាមការស្ដាប់របាយការណ៍របស់លោកមេឃុំ បានលើកឡើងពីផលលំបាកសម្រាប់សិស្សានុសិស្ស ដែលរៀនចប់អនុវិទ្យាល័យ បានបោះបង់ការសិក្សា ដោយសារអត់មានសាលារៀនបន្តនៅជិតផ្ទះ ព្រោះនៅទីនេះមាន ០៣ឃុំ មានដូចជាឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ដែលមានអនុវិទ្យាល័យចំនួន០៣ ហើយមិនមានវិទ្យាល័យនៅជិត។ ពេលដែលរៀនចប់នៅអនុវិទ្យាល័យ សិស្សដែលមានលទ្ធភាពត្រូវទៅរៀននៅវិទ្យាល័យវាលរេញ ដែលមានចម្ងាយឆ្ងាយ។ មូលហេតុបែបនេះទើបឯកឧត្តមបានពិគ្រោះជាមួយលោកឧកញ៉ា តុង ចំរើន និងគោរពសុំយោបល់ពីសម្ដេចតេជោ ដោយមានការឯកភាពឱ្យលោកឧកញ៉ា តុង ចំរើន ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ក្នុងនាមសម្ដេចតេជោ ហើយយើងក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ លីន សុគន្ធា ដែលមានតម្លៃសាងសង់ចំនួន ៦២ម៉ឺនដុល្លាអាមេរិក។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ថ្ងៃនេះយើងមកពិនិត្យទីតាំងសាងសង់អគារសិក្សា និងចាប់ផ្តើមសាងសង់ ហើយបើមានលទ្ធភាពយើងនឹងរៀបចំសាង សង់របងសាលាបន្តទៀត ដើម្បីសុវត្ថិភាព សិស្សានុសិស្ស។ ការសាងសង់សាលារៀននេះប្រើរយៈពេលមួយឆ្នាំ នៅឆ្នាំក្រោយពេលបើកបវេសនកាលយើងមានអគារសិក្សាថ្មីមួយខ្នងនេះសម្រាប់ឱ្យសិស្សចូលរៀន ដើម្បីប្រែក្លាយអនុវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យ ហើយយើងក៏ត្រូវបណ្តុះបណ្តាលគ្រូបណ្តើរៗនៅពេលសាលាសាងសង់រួច សិស្សដែលរៀនចប់ឆ្នាំនេះ មិនចាំបាច់ទៅរៀនបន្តនៅវិទ្យាល័យវាលរេញនោះ គឺអាចរៀនបន្តនៅទីនេះតែម្តង។ ឯកឧត្តមបន្ថែមថា កាលពីឆ្នាំមុន សិស្សរបស់យើងនៅទីនេះ បានធ្វើដំណើរទៅរៀននៅវិទ្យាល័យវាលរេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ បើមានវិទ្យាល័យនៅទីនេះ គឺកាត់បន្ថយការធ្វើដំណើរ និងគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឱ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន១៧នាក់ មេឃុំ មេភូមិ និងក្រុមប្រឹក្សាឃុំចំនួន០៨នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕