Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ពិភាក្សា ស្តីពីការត្រៀម រៀបចំពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៦

កិច្ចប្រជុំ ពិភាក្សា ស្តីពីការត្រៀម រៀបចំពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំ ពិភាក្សា ស្តីពីការត្រៀម រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដោយមានការចូលរួម ពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តព្រះសីហនុ មន្ទីរជំនាញ សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងតំណាង ផែ្នកឯកជនពាក់ព័ន្ធ វិស័យទេសចរណ៍។

ពិធីបុណ្យសមុទ្រឆ្នាំ២០១៦នេះ គ្រោងនឹងរៀបចំពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ហើយនេះគឺជាលើកទី០២ ហើយសម្រាប់ខេត្តព្រះសីហនុ ដែលទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំពិធី បុណ្យសមុទ្រ (បន្ទាប់ពីការរៀបចំលើកទី១ ប្រកបដោយជោគជ័យ កាលពីឆ្នាំ២០១១)។

កិច្ចប្រជុំ បានធ្វើការពិភាក្សា និងបានដាក់ចេញនូវ ផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅ ការរៀបចំពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៦ ខាងមុខ មានដូចជាៈ

១-ការរៀបចំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីៗ និងប្រព័ន្ធទឹក ភ្លើងនៅទីក្រុង
២-ការរៀបចំ កែសម្រួល រចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ឆ្នេរខ្សាច់ កំសាន្តថ្មី
៣-ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យទីក្រុង និងតំបន់ឆ្នេរកំសាន្ត
៤-ការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ (សេវាស្នាក់នៅ
ហូបចុក ដឹកជញ្ជូន នាវាទេសចរណ៍ តាក់ស៊ី…) និងចលនាប្រជាជន រៀបចំផ្ទះស្នាក់សម្រាប់ទេសចរ
៥-ការរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ តំបន់ឆ្នេរខ្សាច់ និងកីឡាលើទឹក
៦-ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ផលិតផល ទេសចរណ៍ថ្មីៗ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងពិព័រណ៍ ម្ហូបអាហារ
៧-ការរៀបចំកម្មវិធី ក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រឲ្យល្អ មានលក្ខណៈពិសេស និងមានភាពទាក់ទាញជាងឆ្នាំ កន្លងមក
៨-ការរៀបចំសកម្មភាព បុរេព្រឹត្តិការណ៍ ឆ្ពោះទៅរកបុណ្យសមុទ្រ ដូចជាចលនា ប្រលងប្រណាំងទីក្រុងស្អាត
ឆ្នេរស្អាត (កែលំអសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទីក្រុង សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពឆ្នេរខ្សាច់កំសាន្ត…) ការពង្រឹង និងបង្កើន គុណភាពសេវាកម្ម ទេសចរណ៍ ការរៀបចំសិក្ខាសាលា វេទិកាស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍ កីឡានៅតាមតំបន់ ទេសចរណ៍នានា…។ល។
៩-ការរៀបចំជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យសមុទ្រចាប់ពីឥឡូវនេះតទៅ។

ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានណែនាំអោយ គណៈអភិបាលខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញ ពាក់ព័ន្ធជុំវិញ ខេត្ត ខិតខំ រៀបចំ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រអោយបានល្អ សក្តិសមជាសមាជិក ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើ សកលលោក និងការប្រសិទ្ធនាម ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនីរតី ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ បុណ្យសមុទ្រ ក្លាយជា ព្រឹត្តិការណ៍ របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គ្រួសារ។ ត្រូវចាត់ទុកបុណ្យសមុទ្រ ជាឱកាសមួយដ៏ល្អ ដើម្បីជម្រុញ ការអភិវឌ្ឍ ទីក្រុងព្រះសីហនុ ជាគោលដៅ ទេសចរណ៍មួយដ៏ទាក់ទាញ។

អត្ថបទក្រសួងទេសចរណ៍
រូបភាពលោក វង្ស ច័ន្ទភូមាន

01 02 03 04 05 06 07 08 09 10