ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទជាតិ ស្តីពីលទ្ធផល និងផលជះនៃការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា។
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទជាតិស្តីពីលទ្ធផល និងផលជះនៃការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “តើការគ្រប់គ្រងសាលារៀន ធ្វើឱ្យសាលារៀនផ្លាស់ប្តូរដោយរបៀបណា-ករណីខេត្តព្រះសីហនុ” ដើម្បីចែករំលែកឧត្តមានុវត្តនៃវិស័យអប់រំ ដែលជាលទ្ធផលកើតឡើងពីការរួមគ្នាធ្វើការជាអន្តរវិស័យ នៅកម្រិតថ្នាក់ក្រោមជាតិ និង តាមសហគមន៍សាលារៀន។ សន្និសីទនេះធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ និងកីឡា ឯកឧត្ដម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងនិសិត្ស ដែលបានចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវិដេអូ Zoom ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានអោយដឹងថា ខេត្តព្រះសីហនុមានសាលារៀនសរុបចំនួន ១០២(ឧបសម្ព័ន្ធ២សាលា មានបុគ្គលិកអប់រំក្របខណ្ឌសរុបចំនួន ២,០៤០នាក់ ស្រី៩៤២នាក់ សិស្សសរុបចំនួន ៤៣,៥៩៩នាក់ ស្រី
២១,៧៣៤នាក់។ សាលារៀនឯកជនសរុបចំនួន ២៩សាលា មានបុគ្គលិកសរុបចំនួន ៦៤៩នាក់ ស្រី ៣៥៩នាក់ និងមានសិស្សសរុប៨,២៩៣នាក់ ស្រី៣,៩៥៥នាក់។ សាកលវិទ្យាល័យឯកជនមាន ចំនួន៣បុគ្គលិកសរុបចំនួន ២១៣នាក់ ស្រី ៤៦ នាក់និងមាននិស្សិតសរុបចំនួន ១,៩៨៩នាក់ ស្រី១,២៦៤នាក់ ។
ឯកឧត្ដម បានបង្ហាញជូនអំពីលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃផលជះក្រោយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំដំបូងនិងនៅឆ្នាំចុងក្រោយ ក្នុងក្របខណ្ឌទូទាំងខេត្តដូចខាងក្រោម ៖
-ឆ្នាំសិក្សា២០១៣-២០១៤(ឆ្នាំដំបូង)៖ សិស្សប្រឡងជាប់ទាំង២លើកបាន៣៨% សិស្សជាប់
និទ្ទេសA៖ គ្មាន និទ្ទេសB ៣នាក់ និទ្ទេសC ១០ នាក់ និទ្ទេស ៣៦នាក់ និងនិទ្ទេសE ៤៩០នាក់ ។
-ឆ្នាំសិក្សា២០២០-២០២១(ឆ្នាំចុងក្រោយ)សិស្សប្រឡងជាប់៧៥.៦៧% សិស្សនិទ្ទេស A ២០ នាក់ និទ្ទេសB ៦៧នាក់ និទ្ទេសC ១៧០នាក់ និទ្ទេសD ៣៧២នាក់ និងនិទ្ទេស E ៣៩៤នាក់ ។
ឯកឧត្ដមបានបន្ថែមថា ទន្ទឹមនឹងនេះ ការសិក្សាតាមប្រព័ន្ធOnline ក្នុងបរិបទកូវីដ-១៩ រដ្ឋបាលខេត្តបានគាំទ្រដល់មន្ទីរអប់រំ យុវជន ឯកឧត្ដមបានបញ្ជាក់ដល់អភិបាលក្រុង-ស្រុក ណែនាំឱ្យសាលារៀបចំការបង្រៀន និងរៀនតាមប្រព័ន្ធ Onlie ក្នុងនោះមត្តេយ្យសិក្សា៧៣,៨០% បឋមសិក្សា ៧៨,៦១% និងមធ្យមសិក្សា៨៣,៤៣%។ ចំពោះការបំប៉នប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ការបង្រៀន និងរៀនពីចម្ងាយរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់មន្ទីរអប់រំ យុវជន និងកីឡា ក្នុងការរៀបចំចងក្រងសាលារៀនទាំង១០២ ទៅជា៣បណ្តាញ ដើម្បីបំប៉នប្រព័ន្ធព័ត៌មានវិទ្យា និងការអនុវត្តគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា SEIP ក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងគម្រោង
កែលម្អការអប់រំចំណេះទូទៅ (General Education Improvement Project) សម្រាប់ឆ្នាំសិក្សា២០២២-២០២៧ ដោយបានជួយបំប៉នគ្រូចំនួន ៣១៧នាក់ ដើម្បីគាំទ្រដល់ដំណើរការបង្រៀន និងរៀនតាមOnline ដល់សាលារៀនទាំង១០២ ។
ឯកឧត្ដម បានបញ្ជាក់ថា តាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោយកំណែទម្រង់(ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២១ ) និងការបង្រៀននិងរៀនតាមOnlineក្នុងបរិបទកូវីដ-១៩ បានបង្ហាញថា លទ្ធផលសិក្សារបស់សិស្សនៅខេត្តព្រះសីហនុមានការកើនឡើងទៅតាមឆ្នាំសិក្សានីមួយៗ បានយ៉ាងឆាប់រហ័ស។ លទ្ធផលទាំងនេះកើតឡើងដោយសារការខិតខំប្រឹងប្រែងសហការគ្នារវាងអ្នកពាក់ព័ន្ធក្នុងវិស័យ និងអន្តរវិស័យ តាមគន្លងផ្លូវត្រឹមត្រូវ ធ្វើកិច្ចការដែលត្រូវធ្វើ និងការខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ គណៈនាយក គណៈកម្មការ គ្រប់គ្រងសាលា សហគមន៍និងមាតាបិតាសិស្ស ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និង ឆ្លើយតបទៅនឹងការសិក្សាក្នុងបរិបទថ្មីនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ផងដែរ៕