រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅឆ្នាំ២០៣៨
ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។សិក្ខាសាលានេះបានធ្វើនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នៅខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអភិបាលខេត្តជាប់មាត់សមុទ្រ(កោះកុង កំពត និងខេត្តកែប)និងមានការចូលរួមដោយអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តមេឃុំ ចៅសង្កាត់ ស្មៀនផងដែរ។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ផ្អែកលើក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវទិន្នន័យតាមរយៈកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ឆ្លើយតបការផ្លាស់ប្ដូរការរីកចម្រើនសេដ្ឋកិច្ចមានសក្តានុពលក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ស្របតាមនិន្នាការតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុមានគោលដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ទាមទារអោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋានគោលនយោបាយដីធ្លី សៀវភៅដីធ្លី គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយអភិវឌ្ឍន៍ប្រើប្រាស់ដីខេត្តព្រះសីហនុ មានគោលដៅតម្រង់ទិស កំណត់ការគ្រប់គ្រងប្រើប្រាស់តាមបែបគំរូថ្មី ផ្អែកលើកត្តាភូមិសាស្ត្រ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របវតាមគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តព្រមទាំងការសិក្សាស្រាវជ្រាវពីអន្តរជាតិមានកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូជាដើម។
ឯកឧត្តមបានបន្តថា សិក្ខាសាលានេះមានសារៈសំខាន់ សម្រាប់ជាចក្ខុវិស័យ គោលនយោបាយកំណត់ឆ្នាំ២០៣៨ មានរយៈពេល ១៥ឆ្នាំខាងមុខទៀត ដែលជាសរសរស្តមដល់វិស័យពាក់ព័ន្ធអភិបាលកិច្ចល្អ ទាក់ទាញអ្នកវិនិយោគ និងការបង្ការគ្រោះមហន្តរាយ ព្រមទាំងផែនការសកម្មភាពទាំង៨១ ដែលជាវិធានការគោលនយោបាយសម្រេចគោលដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ទន្ទឹមនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញការសាទរនិងគាំទ្ររាជរដ្ឋាភិបាលចំពោះផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ការគាំទ្រក្នងការអភិវឌ្ឍពហុវិស័យនៅខេត្តព្រះសីហនុដើម្បីធ្វើអោយខេត្តព្រះសីហនុ ជាខេត្តនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
សេចក្តីព្រាងគោលនយោបាយការប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ បានកំណត់ចំណុចគោលចំនួន៧
ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៖
១.គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
២.ចក្ខុវិស័យឆ្នាំ២០៣៨ ខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព អភិវឌ្ឍន៍ខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភាជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកលលោក។
៣.គោលបំណង ប្រើប្រាស់ដីធ្លី ការបែងចែកដី ការអភិវឌ្ឍន៍ដែនដីនគរូបនីយកម្ម អភិវឌ្ឍន៍ខេត្តប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នមានភាពទាក់ទាញ និងឧត្ដមភាពប្រកួតប្រជែងសំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
៤.យុទ្ធសាស្ត្រ អនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវិស័យបែងចែកដីធ្លី ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់ យុទ្ធសាស្ត្រសមាហរណកម្មវិស័យពាក់ព័ន្ធទៅនឹងដីធ្លី ការពង្រឹងការគ្រប់គ្រងអភិបាល កិច្ចល្អ និងស្ថាប័នយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងធនធានការគ្រប់គ្រងហានិភ័យសំខាន់ៗនិងបង្ការគ្រោះមហន្តរាយធម្មជាតិ។
៥.ផែនការសកម្មភាពអភិវឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេលខ្លី (២០២១-២០២៥) រយៈពេលមធ្យម ( ២០២៥-២០៣០) រយៈពេលវែង (២០៣០-២០៣៨)។
៦.ក្របខណ្ឌអនុវត្ត និងយន្តការដឹកនាំសម្របសម្រួល តាមដាន វាយតម្លៃ ធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី អង្គភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តតាមដានវាយតម្លៃត្រួតពិនិត្យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រតាមវិស័យក្នុងការគ្រប់គ្រងដីធ្លី និងធន ធានធម្មជាតិឱ្យមាននិរន្តរភាពស្របតាមចក្ខុវិស័យនៃគោលនយោបាយ ។
៧.សេចក្តីសន្និដ្ឋាន សកម្មភាពទាំងនេះត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំសកម្មភាពរបស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដានត្រួតពិនិត្យធានាបាននូវការអនុវត្តប្រកបដោយការទទួលខុសត្រូវប្រសិទ្ធភាពពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋសំដៅសម្រេចឱ្យបានចក្ខុវិស័យ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្ដែង៕