យប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងជាប្រធានវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) អញ្ជើញចូលរួមបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងប្រគល់ស្លាកវេទិកាទេសចរណ៍អាស៊ាន ឱ្យទៅសាធារណរដ្ឋឥណ្ឌូនេស៊ី Salahudin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២៣ខាងមុខ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ប្រកបដោយភាពរលូនតាមការគ្រោងទុក បន្ទាប់ពីកម្ពុជាបានប្រកាសបើកដំណើរការសេដ្ឋកិច្ចសង្គមប្រទេសឡើងវិញលើគ្រប់វិស័យមក។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងរៀបចំបើកកិច្ចប្រជុំវេទិការទេសចរណ៍លើកទី៤០ នៅខេត្តព្រះសីហនុ ដើម្បីឈានឆ្ពោះទៅកាន់ការស្តារ និងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីអាក់ខានជិតពីរឆ្នាំកន្លងមកដោយសារជួបវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត៕