នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចតាមរយៈអ៊ូរប័រល្បឿនលឿន ទៅកាន់តំបន់តារាសាគរ ខេត្តកោះកុង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN TOURISM MINISTERS’ GOLF TOURNAMENT) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
សូមជម្រាបថា កម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន គឺជាកម្មវិធីមួយក្នុងចំណោមរបៀបវារៈកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ ក្រៅពីនេះ ក៏មានកម្មវិធីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទេសចរណ៍អាស៊ានទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។