Home / ព័ត៌មានទូទៅ / សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តបទប្បញ្ញត្តិ គតិយុត្តពាក់ព័ន្ធសមត្ថកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តបទប្បញ្ញត្តិ គតិយុត្តពាក់ព័ន្ធសមត្ថកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើក សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តបទប្បញ្ញត្តិ គតិយុត្តពាក់ព័ន្ធសមត្ថកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការ និងជាអនុប្រធាន ប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងឱកាស បើកអង្គសិក្ខាសាលា ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានសំដែងឱ្យដឹងថា ឯកឧត្តម ពិតជាមាន សេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ សិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង លើកដំបូងនៅលើទឹកដី ខេត្តព្រះសីហនុ ឯកឧត្តមក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចក្ខុវិស័យ ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ ដើម្បីបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាល កម្ពុជាក្នុងនីតិកាលថ្មីនេះ។

ឯកឧត្តមក៏បានថ្លែង អោយដឹងអំពីជំហាន បន្ទាប់របស់ខេត្ត គឺការចាប់ផ្តើមអនុវត្តដំណាក់កាលទី៣ ដែលផ្តោត លើការផ្សារ ភ្ជាប់ថវិកាទៅនឹងគោលនយោបាយ នៅឆ្នាំ២០១៦នេះ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ ដែលជាឆ្នាំរៀបចំទិសដៅ សម្រាប់ការចាប់ផ្តើមដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាដំណាក់កាលចុងក្រោយ នៃការកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា គឺពេលនោះហើយ ដែលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា នឹងផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ដែលជាឧត្តមានុវត្តន៍ ឬស្តង់ដារអន្តរជាតិ នៃការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នៅឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានរាយការណ៍ ជូនដោយសង្ខេប អំពីស្ថានភាពភូមិសាស្រ្ត និងសក្តានុពល នៃខេត្តព្រះសីហនុ។

ឯកឧត្តមយល់ឃើញថា សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តបទប្បបញ្ញត្តិគតិយុត្តពាក់ ព័ន្ធសមត្ថកិច្ចរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាវេទិកានេះ ត្រូវបានរៀបចំ ឡើងជាលក្ខណៈបើកចំហ និងទូលំទូលាយ ដើម្បីផ្តល់កាលានុវត្តភាព ដល់ការជជែកវែក ញែក វិភាគពិចារណា សិក្សាពី គ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍លើ ការងារនេះ។

ជាចុងក្រោយ ឯកឧត្តម បានសំនូមពរ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា នៃសិក្ខាសាលានាពេលនេះ មេត្តាយកចិត្ត ទុកដាក់ ឆក់យកឱកាសដ៏កម្រនេះ ជជែក ពិភាក្សា កំណត់បញ្ហាប្រឈម ស្វែងរកដំណោះ ស្រាយ ឱ្យបានសកម្ម និងផុសផុល ដើម្បីបង្កើនសមត្ថភាព ស្វែងយល់ស៊ីជម្រៅអំពីបញ្ហាដែលខ្លួនជួប ប្រឈម ក្នុងរយៈកាលកន្លងមក និងស្នើ ឡើងនូវជម្រើស និងសំណូមពរនានាជាដំណោះស្រាយក្នុង ន័យស្ថាបនា និងកែលម្អឱ្យគ្នាទៅវិញទៅមក សំដៅសម្រេច ឱ្យបាននូវគោលដៅរួម។

(អត្ថបទ និង រូបភាពដោយ គឹម សម្បត្តិ)

01 02 03 05 06 07 08 09 10