ខេត្តព្រះសីហនុ៖ កាលពី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញ ម្ចាស់សំណង់បុរី អាគារស្នាក់នៅ រួមទាំង បឹងហ្គាឡូ នានា ក្នុងក្រុងព្រះសីហនុ ចូលរួមប្រជុំជាមួយប្រធានមន្ទីរដ.ន.ស.ស ខេត្ត មន្ត្រីជំនាញ ព្រមទាំង អាជ្ញាធរ សង្កាត់ ក្រុង និងខេត្ត ក្រោមអធិបតីភាព លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត ដើម្បីពន្យល់ណែនាំ ពីនីតិវិធី ក្នុងការ ស្នើសុំលិខិតអនុញ្ញាត សាងសង់ និងបញ្ជ្រាបពីច្បាប់ភូមិបាល និងច្បាប់សាងសង់ជាដើម ។
នៅក្នុងកិច្ចប្រជុំនេះបានសម្រេច៖
១- ករណីសំណង់ កំពុងសាងសង់ ដោយគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវកោះអញ្ជើញ ម្ចាស់សំណង់ទាំងអស់ ឱ្យមកតម្កល់ ប្រាក់សម្រាប់បង់សេវា សំណង់ទៅតាមទំហំសំណង់ ជាក់ស្តែង នៅមន្ទីរ ដ.ន.ស.ស ខេត្តព្រះសីហនុ ទើបអនុញ្ញាតឱ្យសាងសង់បន្ត និងស្នើសុំលិខិត អនុញ្ញាតសាងសង់ឱ្យបានរួសរាន់។
២- ករណីសំណង់ថ្មីចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះតទៅត្រូវ ឱ្យម្ចាស់សំណង់ស្នើសុំលិខិត អនុញ្ញាតសាងសង់ ឱ្យបាន រួចរាល់មុនពេលសាងសង់ សំណង់របស់ខ្លួន ។
៣- មុនពេលសាងសង់សំណង់ ត្រូវឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យការ បោះបង្គោលទីតាំងគ្រប់ការដ្ឋានសំណង់ ដោយ កំណត់និយាមការ ច្បាស់លាស់ តាមគម្រោងប្លង់ ដែលបានអនុញ្ញាត និងមានកំណត់ហេតុ ជាផ្លូវការបន្ទាប់ពី បានទទួល ការស្នើសុំពីម្ចាស់សំណង់ និងអនុវត្តតាមសជណ លេខ១៧៣៩ ដនស/អសណរបស់ក្រសួង ដ.ន.ស ។
៤- គ្រប់សំណង់ទាំងអស់ ត្រូវមានអាងប្រព្រឹត្តិកម្មចម្រោះ (Septic Tank) ពិសេសក្នុងក្រុង និងតាមកោះនានា ក្នុង ខេត្តព្រះសីហនុ ។
៥- ក្នុងករណី ម្ចាស់សំណង់ នៅតែបន្តសាងសង់ដោយគ្មានលិខិត អនុញ្ញាតសាងសង់ អាជ្ញាធរត្រូវចុះ ផ្អាកសំណង់ទាំងនោះ ជាបន្ទាន់ និងធ្វើការផាកពិន័យ តាមអនុក្រឹត្យលេខ៤២ មាត្រាទី៧០ និង៧១ ជាធរមាន ។ TR