ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ
ដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២១ នេះបានដំណើរការទៅដោយរលូនក្រោមការចូលរួមបើកវិញ្ញាសាដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពពាក់ព័ន្ធមួយចំនួទៀត។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សូមឱ្យប្អូនៗដែលជាបេក្ខជនប្រឡងខិតខំឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យ នឹងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ និងត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដូចជាពាក់ម៉ាស លាងដៃជាមួយ អាល់កុល ជែល ដើម្បីចូលរួមក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩។
លោកស្រី អ៊ូច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា បេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានៅក្នុងខេត្តព្រះសីហនុមាន ៥មណ្ឌល ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមាន ៣មណ្ឌល និងនៅស្រុកព្រៃនប់មាន ២មណ្ឌល ដែលមានបន្ទប់សរុបចំនួន ៥៩បន្ទប់ បេក្ខជនសរុបមានចំនួន១,៣៩៣នាក់។ ចំពោះបេក្ខជន ក៏ដូចជាគណៈ កម្មការ និងគណៈមេប្រយោគ មុនចូលទីធ្លាសាលាត្រូវធ្វើការវាស់កំដៅ និងបិទស្ទីកឃ័រជាមុន។ នៅក្នុងទីធ្លាសាលាក៏មានបន្ទប់បម្រុងទុក ករណីមានបេក្ខជនលើផផអនាម័យ គម្លាតសុវត្ថិភាព មានទីតាំងសម្រាប់ដាក់សម្ភារ:ការពារជំងឺកូវីដ-១៩ និងកន្លែងវាស់កម្តៅ ដើម្បីធានាបានថា ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីណែនាំប្រតិបត្តិស្ដីពី វិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងនេះ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩។
លោកស្រីក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឧបត្ថម្ភនូវម្ហូបអាហារ និងការស្នាក់នៅជូនដល់បេក្ខជនបេក្ខនារីគណៈកម្មការដែលមកពីឆ្ងាយ និងតាមមណ្ឌលប្រឡងនីមួយៗ។ ក្នុងនោះ ឯកឧត្តមក៏បានឧបត្ថម្ភទឹកបរិសុទ្ធសម្រាប់ បេក្ខជន ក៏ដូចជាគណៈកម្មការ នៅគ្រប់មណ្ឌលទាំង៥នេះផងដែរ៕