សិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់ចាក់សំរាមសំណល់រឹង នៃក្រសួងបរិស្ថាន និងលោកឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទសិក្ខាសាលាដកស្រង់បទពិសោធន៍ ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ មានសិក្ខាកាមមកពីបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរបរិស្ថានសរុប ២៧៩នាក់ មកពីថ្នាក់ ក្រោមជាតិមាន ២២៩នាក់ និងមន្ទីរបរិស្ថានរាជធានី ខេត្ត ៥០នាក់។
ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយ៍ផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង បានលើកឡើងពីដំណើរទស្សនកិច្ចសិក្សានៅស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រៅពីទីលានចាក់សំរាមខេត្តព្រះសីហនុ មានលក្ខណៈបច្ចេកទេសរបៀបនេះនឹងគ្រោងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តដ៏ទៃទៀតជាជំហានៗក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ ការរៀបចំបង្កើតទីលានទុកដាក់សំរាម សំណល់រឹងជាគោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការគ្រប់គ្រងកាកសំណល់សំរាមឱ្យបានល្អ ដែលជាផ្នែកមួយនៃគោលនយោបាយជាតិ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងការអភិវឌ្ឍទីប្រជុំជនប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។ សំរាមជាកាកសំណល់បន្សល់ពីការប្រើប្រាស់របស់យើងជារៀងរាល់ថ្ងៃ ដោយសារមានកំណើនប្រជាពលរដ្ឋ កំណើនអ្នកវិនិយោគ និងអាជីវកម្មផ្សេងទៀត ធ្វើឱ្យកាកសំណល់មានការកើនឡើងជាបន្តបន្ទាប់ តម្រូវឱ្យមានការគិតគូរពីយុទ្ធសាស្ត្រ ចក្ខុវិស័យ ដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនទីលានបន្ថែមទៀតថែមក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បិទសិក្ខាសាលាទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណល់រឹង និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់នូវបទដ្ឋានបច្ចេកទេសក្នុងការប្រតិបត្តិការទីលាន ព្រមទាំងការគ្រប់គ្រងការប្រមូល និងការដឹកជញ្ជូន ការទុកដាក់សំរាមសំណល់រឹង និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ឆ្លើយតប នឹងកំណើនប្រជាជន ភ្ញៀវទេសចរណ៍ និងល្បឿននៃការអភិវឌ្ឍន៍របស់ខេត្តព្រះ សីហនុ ទទួលបានទីលានចាក់សំរាមដែលបំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការបែងចែកគ្រប់គ្រងនិងកែច្នៃសំរាមដំបូងបង្អស់នៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងខេត្តព្រះសីហនុ ពីក្រសួងបរិស្ថាន ដែលសិក្សាដោយ ADB ក្រោមជំនួយបច្ចេកទេសពីក្រសួងសាធារណៈការ នឹងទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ត្រូវបានរចនាឡើងសម្រាប់ទីក្រុងទំនើប ផ្តោតលើគុណភាព ភាពធន់នឹងអាកាសធាតុ និងផ្ដល់ជាអទិភាពទៅលើផ្លូវថ្មើជើង ផ្លូវជិះកង់ សួនជំរាបទឹក-ធម្មជាតិតាមដងផ្លូវ ផ្លូវដែលមិនរំខានដល់ទេសចរណ៍តំបន់ឆ្នេរ និងផ្លូវដើរដែលមានមេត្រីភាពរវាងមនុស្ស-ធម្មជាតិ និងផ្លូវរថយន្ត ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍន៍មួយដ៏សំខាន់ជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០។ សមិទ្ធផលទាំងអស់នេះ បានមកពីការដឹកនាំដ៏ត្រឹមត្រូវ និងមានការចង្អុលបង្ហាញទិសដៅដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសម្រួលលំហូរចរាចរណ៍នៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទាក់ទាញទេសចរជាតិ និងទេសចរបរទេស បង្កើនមុខរបរ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក នឹងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម៕