Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រី

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រី

នៅល្ងាចថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រីក្រោមប្រធានបទ (ដំណោះស្រាយ និងផែនការស្តារអាជីវកម្ម សម្រាប់សហគ្រិនស្ត្រី) ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមលោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកប្រធានមន្ទីរ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស វាគ្មិន គណៈគ្រប់គ្រង និងសហការី នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ។
នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលបានផ្តួចផ្តើមរៀបចំឱ្យមានវេទិកាលើកកម្ពស់សហគ្រិនស្ត្រីក្រោមជំនួយឧបត្តម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា ដើម្បីជំរុញ និងលើកទឹកចិត្តដល់សមាគ្រិនស្ត្រីក្នុងភាពជាអ្នកដឹកនាំតាមរយៈការរៀបចំវេទិកានាំមកនូវប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការកសាងទំនុកចិត្តនិងការអភិវឌ្ឍអាជីវកម្ម ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុជាទីតាំងសម្រាប់រៀបចំវេទិកាលើកទី៦ គឺក្នុងគោលបំណងរួមចំណែកជាប្រយោជន៍ដល់សហគ្រិនស្ត្រី នៅក្នុងខេត្តព្រះសីហនុ និងចែករំលែកការរៀនសូត្រពីបទពិសោធន៍ នៃការជះឥទ្ធិពលពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងស្វែងយល់រកដំណោះស្រាយក្នុងការស្តារអាជីវកម្ម នាពេលបច្ចុប្បន្ន និងធ្វើឱ្យប្រសើរឡើងនៃអាជីវកម្មពេលអនាគត ហើយសកម្មភាពទាំងនេះគឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាព សមធម៌យេនឌ័រ និងលើកទឹកចិត្តឱ្យមានការចូលរួមដោយស្មើមុខ ក្នុងន័យជម្រុញឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបន្តទៀតថា បច្ចុប្បន្នកម្ពុជាបានទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំដែលធ្វើឱ្យចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជោគជ័យដ៏ធំធេងដែលកម្ពុជា សម្រេចបាននៅពេលនេះគឺដោយសាររាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋប្រកបដោយជោគជ័យ និងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់កាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយដោយក្នុងនោះរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ចជាតិ បន្ទាប់ពីបានទទួលរងការខាតបង់ ដោយសារជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ចំណែកឯនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះជាដំណឹងល្អ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទបញ្ចប់(ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១)ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា(យើងគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត ហើយកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មុំទី៤ ការ
ពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយក្នុងរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលគួរឱ្យ
កត់សម្គាល់គឺនោះ៖
-បានបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ។
-បានកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈមុខងារសាធារណៈ។
-បានពង្រីកសហគ្រិនភាពរបស់ស្ត្រី។
-បានកាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ។
-បានលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងបានពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងកុមារ ហើយក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានផ្តោតអាទិភាព៖
ទី១.ការបន្តលើកកម្ពស់តួនាទីស្ត្រីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង-ស្ថាប័ន ទាំងកម្រិតនយោបាយ
និងកម្រិតជំនាញ ។
ទី២.ការធ្វើបច្ចុប្បន្នភាព និងអនុវត្ត «ផែនការយុទ្ធសាស្ត្រនារីរតនៈ» ដោយបន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់កម្រិតបន្តលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី តាមរយៈការពង្រីកកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្ត្រី ព្រមទាំងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមរយៈការបង្កើតការវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធសំដៅទប់ស្កាត់ការជួញដូរ និងអំពើហិង្សាលើស្ត្រី និងកុមារ៕