Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ

រសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំកងរាជអាវុធ និងមន្រ្តីកងរាជអាវុធខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សុំកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់យើង ទាំងថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាកងកម្លាំងដែលបានចូលរួមក្នុងបេសកកម្មអនុវត្តដោយផ្ទាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិតជាមានភាពត្រឹមត្រូវ និងជាមោទនភាពនូវអ្វីដែលយើងបានធ្វើ។ យើងត្រូវបន្តបេសកកម្មនេះបន្តទៀតដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងសកម្មភាពចាប់ជម្រិត និងបង្ខាំងមនុស្សនៅទីនេះ ពួកគេនឹងឃ្លបខ្លាចបាក់ស្មារតី ដោយយើងជាអ្នកទទួលខុសត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា បើអ្នកទាំងនោះនៅបន្តប្រើប្រាស់អាវុធ កាន់កាប់អាវុធដោយខុសច្បាប់បន្តទៀត ហើយចង់ឱ្យរួចទោស ត្រូវប្រញាប់ប្រញាល់យកអាវុធប្រគល់ជូនសមត្ថកិច្ច ប្រសិនលាក់ទុកនៅក្នុងផ្ទះ ក្នុងឡាន ឬនៅជាប់ខ្លួននៅពេលសមត្ថកិច្ចរកឃើញនឹងត្រូវធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ បើជនបរទេសក្រៅពីជាប់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើការបណ្តេញចេញពីកម្ពុជាដោយមិនអនុញ្ញាតឱ្យចូលត្រឡប់មកវិញឡើយ។ យើងត្រូវមានភាពប្រាកដប្រជាម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យអ្នកណាយកទឹកដីរបស់យើងជាការលេងសើច ជាអនាធិតេយ្យ ជាការប្រមាថមាក់ងាយដល់យើងទាំងអស់គ្នា ជាអ្នកមានបេសកកម្មគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកប្រេងសាំង ២.០០០លីត្រ ប្រេងម៉ាហ៊្សូត ១.០០០លីត្រ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ៕