រសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការនគរបាល និងមន្ត្រីនគរបាលខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ដោយសារកន្លងមក មានសកម្មភាពមិនប្រក្រតីមួយចំនួន នៅក្នុងទឹកដី នៃខេត្តព្រះសីហនុរបស់យើង ទី១.បញ្ហាគ្រឿងញៀន ទី២.ការបង្ឃាំងមនុស្សខុសច្បាប់ ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់ នៅតាមដងផ្លូវសាធារណ: និងតាមកន្លែងមួយចំនួន ទាំងនេះជាបញ្ហាដែលយើងបានសង្កេតឃើញ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត យើងបានឯកភាពឱ្យកងកម្លាំងរបស់យើងធ្វើសកម្មភាពល្បាតនៅពេលយប់ ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់។ ក្រោយការឯកភាពបានសម្រេចឱ្យស្នងការដឹកនាំកម្លាំងមួយក្រុម កងរាជអាវុធហត្ថដឹកនាំមួយក្រុម ដោយការបែកចែកភារកិច្ចបែបនេះ ជាការដកពិសោធន៍សាកល្បងថ្មី។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការងារពិតជាមានប្រសិទ្ធភាព ដោយបានធ្វើការដកហូតនូវអាវុធជាតិផ្ទុះពីជនបរទេស ដែលបានប្រើប្រាស់ជាក់ស្តែងក្នុងក្រុងរបស់យើង។ អាវុធហត្ថដឹកនាំដោយឡែកក៏ធ្វើបាន ហើយបេសកកម្មទាំងនេះក្នុងក្របខណ្ឌនៃការល្បាត គ្រប់គ្រងសភាពការណ៍បានល្អ ពិតហើយថ្នាំញៀន និងការទិញដូរពលកម្មមិនចាំបាច់ប្រើការល្បាតនោះទេ ក៏ប៉ុន្តែទាក់ទងនឹងបញ្ហាអាវុធ យើងត្រូវប្រើប្រាស់ការល្បាតនេះ ក្នុងករណីមានការសង្ស័យ កម្លាំងយើងអាចឃាត់សួរនាំ ដោយធ្វើរបៀបនេះគឺពិតជាមានប្រសិទ្ធភាពណាស់។
ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សុំកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់យើង ទាំងថ្នាក់ដឹកនាំស្នងការ ក៏ដូចជាកងកម្លាំងដែលបានចូលរួមក្នុងបេសកកម្មអនុវត្តដោយផ្ទាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិតជាមានភាពត្រឹមត្រូវ និងជាមោទនភាពនូវអ្វីដែលយើងបានធ្វើ។ យើងត្រូវបន្តបេសកកម្មនេះបន្តទៀតដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងសកម្មភាពចាប់ជម្រិត និងបង្ឃាំងមនុស្សនៅទីនេះ ពួកគេនឹងឃ្លបខ្លាចបាក់ស្មារតី ដោយយើងជាអ្នកទទួលខុសត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា បើអ្នកទាំងនោះនៅបន្តប្រើប្រាស់អាវុធ កាន់កាប់អាវុធដោយខុសច្បាប់បន្តទៀត ហើយចង់ឱ្យរួចទោស ត្រូវប្រញាប់ប្រញាល់យកអាវុធប្រគល់ជូនសមត្ថកិច្ច ប្រសិនលាក់ទុកនៅក្នុងផ្ទះ ក្នុងឡាន ឬនៅជាប់ខ្លួននៅពេលសមត្ថកិច្ចរកឃើញនឹងត្រូវធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ បើជនបរទេសក្រៅពីជាប់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើការបណ្តេញចេញពីកម្ពុជាដោយមិនអនុញ្ញាតឱ្យចូលត្រឡប់មកវិញឡើយ។ យើងត្រូវមានភាពប្រាកដប្រជាម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យអ្នកណាយកទឹកដីរបស់យើងជាការលេងសើច ជាអនាធិតេយ្យ ជាការប្រមាថមាក់ងាយដល់យើងទាំងអស់គ្នា ជាអ្នកមានបេសកកម្មគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកប្រេងសាំង ២.០០០លីត្រ ប្រេងម៉ាហ៊្សូត ១.០០០លីត្រ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ៕