នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរ សម ជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងគណៈប្រតិភូ ព្រមទាំងបានជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្ត ដែលផ្តល់ឱកាស និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ បានកសាងកំពង់ផែទឹកជ្រៅ ជាសក្តានុពលក្នុងការដឹកជញ្ជូនទំនិញចេញចូលប្រមាណជា ៧០ភាគរយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីឆ្នាំ២០២០ និង ២០២១ ពិភពលោកក៏ដូចជាកម្ពុជាជួបនឹងវិបត្តិកូវីត-១៩ ក៏វិស័យដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនមានផលប៉ះពាល់នោះទេ។ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជាជំហានៗ ហើយនៅឆ្នាំ២០២៥ នឹងអាចឱ្យនាវាមានជម្រៅទឹក១៤,៥០ម៉ែត្រ ចូលចតបាន ដែលធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ តាមរយៈគោលនយោបាយបើកទីផ្សារអាស៊ានកាលពីឆ្នាំ២០១៥ ខេត្តព្រះសីហនុ បានរៀបចំខ្លួនបង្កើនការអភិវឌ្ឍយ៉ាងច្រើន រួមមានអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានពង្រីកពី 3E ទៅ 4E អាចឱ្យយន្តហោះប្រភេទធំចុះចតបាន។ ការវិនិយោគលើអចលនទ្រព្យមានសកម្មភាពយ៉ាងខ្លាំងក្លា ក្នុងនោះក៏មានអ្នកវិនិយោគមកពីប្រទេសឥណ្ឌូនេស៊ីផងដែរ។ បុគ្គលិកកម្មករឥណ្ឌូនេស៊ីមកធ្វើការនៅខេត្តព្រះសីហនុ មានប្រមាណជា ៧,២០០នាក់ ក្នុងនោះមាន ២,០០០នាក់ ស្នាក់នៅរយ:ពេលវែង។
ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា អ្នកវិនិយោគ និងអ្នកទេសចរណ៍ឥណ្ឌូនេស៊ីនឹងមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។ រាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍អភិវឌ្ឍខេត្តព្រះ សីហនុ មានហេដ្ឋារចនាសម្ព័ន្ធ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ការកែលម្អតំបន់ឆ្នេរសមុទ្រ ការសាងសង់បន្ទប់ទឹកសាធារណៈ ចិញ្ចើមក្រានីត ដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប កាំម៉ារាសុវត្ថិភាព។ល។ ខេត្តមាន ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសាងសង់បានប្រមាណជាង ៧០ភាគរយ និងគ្រោងបញ្ចប់នៅខែ១០ ឆ្នាំ២០២២ខាងមុខនេះ។ រាជរដ្ឋាភិបាល ក៏ជម្រុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមកកាន់ខេត្តព្រះសីហនុ និងអាចតភ្ជាប់ផ្លូវអាស៊ាន ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការធ្វើដំ ណើរ និងដឹកជញ្ជូនបានទាន់ពេលវេលា។
ឯកឧត្តម Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តម និងគណៈប្រតិភូ ដែលបានចូលជួបសំដែងការគួរសមនិងស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ដោយកាលពី៣ឆ្នាំមុន ឯកឧត្តមបានមកលេងខេត្តព្រះសីហនុម្តង ហើយបច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ។
ឯកឧត្តមបានបញ្ជាក់ថា គោលបំណងមកទស្សនកិច្ចខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីសម្តែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្ត និងជួបជាមួយអ្នកវិនិយោគ ព្រមទាំងប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលមករកស៊ី និងធ្វើការនៅខេត្តព្រះសីហនុ ក្រោមដំបូលសន្តិ ភាព។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ទាក់ទងនឹងការរីក ចម្រើនខាងលើនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគឥណ្ឌូនេស៊ីមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ប្រទេសឥណ្ឌូនេស៊ី មានក្រុមហ៊ុន សហគ្រាសសាធារណៈដែលចង់ឈ្វែងរកកាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចក្នុងខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានសំណូមពររដ្ឋបាលខេត្តព្រះសីហនុ ជួយផ្តល់ពត៌មានពីឱកាសវិនិយោគ ដល់អ្នកវិនិយោគ និងអ្នកទេសចរឥណ្ឌូនេស៊ីមកកាន់ខេត្តព្រះសីហនុ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំវេទិការទេសចរណ៍អាស៊ាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តមសូមអញ្ជើញឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទស្សនាពិព័ណ៌របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
ជាការឆ្លើយ ឯកឧត្តមអភិបាលខេត្តបានឯកភាពទៅតាមសំណើឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងស្នើសុំឯកអគ្គរដ្ឋទូតជួយលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តព្រះសីហនុ និងជួយស្វែងរកអ្នកវិនិយោគលើវិស័យសុខាភិបាល ដែលជាវិស័យអទិភាព និងជាតម្រូវការចាំបាច់នូវវិស័យសុខាភិបាលដែលមានស្តង់ដារខ្ពស់ស្របនឹងការរីកចម្រើនរបស់ខេត្ត៕