ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន នៃកងយុទ្ធពលខេមរភូមិន្ទ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលខេត្តព្រះសីហនុ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទ បានរាយការណ៍ថា យោងតាមគោលការរបស់រាជរដ្ឋាភិបាល យោងតាមផែនការក្រសួងការពារជាតិ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់វ៉ាក់សាំងសម្រេចភារកិច្ចដូសទី១ និងដូសទី២រួចហើយនៅខេត្តព្រះសីហនុ ។ ថ្ងៃនេះយើងពិភាក្សាលើការងារចំនួន ៣ ទី១.ការងារពិភាក្សា ២.បន្តជួបគ្នារយ:ពេលខ្លី ៣.ជំនួបពិភាក្សា និងលើកផែនការឯកភាពគ្នា។ តាមផែនការណ៍ ការចាក់វ៉ាក់សាំងដូសជម្រុញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខឱ្យទទួលបានជោគជ័យតាមផែនការ។ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន ២២ម៉ឺននាក់ ប៉ុន្តែប្រជាពលរដ្ឋ មន្ត្រីរាជការបានចាក់វ៉ាក់សាំងរួចចំនួន ២ម៉ឺននាក់។ ក្នុងយុទ្ធនាការចាក់ដូសទី១ និងដូសទី២ កងទ័ពទទួលចាក់វ៉ាក់សាំងជាង ១១ម៉ឺននាក់ លើទីតាំងចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ក្នុងនោះ កងទ័ពជើងទឹកទទួល ១០ទីតាំង កងពលង-៧០ ទទួលចំនួន ៣ទីតាំង និងខាងត្រែទ័ពទទួល ១ទីតាំង មានកម្លាំងចំនួនសរុប ៨០៥នាក់ មាន ២៨ក្រុម និងរថយន្ត ៦គ្រឿង ចាក់បាន ៩៤,៦ ភាគរយតាមផែនការ និងខាងមន្ទីរសុខាភិបាលខេត្តទទួលចាក់វ៉ាក់សាំងជាង ៧ម៉ឺននាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបន្តថា ផែនការដូសជម្រុញមានការប្រែប្រួលខ្លះលើទីតាំង ដូច្នេះសូមឱ្យរដ្ឋបាលខេត្តផ្តល់ទិន្នន័យសម្រាប់ចាក់ដូសជម្រុញឱ្យបានទាន់ពេលវេលា ព្រមទាំងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងទាមទារការចូករួមសហការពីអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលដូសជម្រុញឱ្យបានគ្រប់គ្នា យើងត្រូវរួមគ្នាគិត រួមគ្នាទទួលខុសត្រូវទាំងអស់គ្នា។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូក្នុងកិច្ចប្រជុំពិភាក្សានាពេលនេះ តាមផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី១ ចាក់បានចំនួន ១១០,២៥៣នាក់ ដោយឡែកដូសទី២ ចាក់បាន ១០២,០៦០នាក់ យើងយកទិន្នន័យចាក់ដូសទី២ ដែលមានចំនួន ១០២,០៦០នាក់ សង្ឃឹមថា ការងារចាក់វ៉ាក់សាំងដូសជម្រុញនិងទទួលបានជោគជ័យ រដ្ឋបាលខេត្តនិងធ្វើសេចក្តីជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក បន្តផ្សព្វផ្សាយជូនដំណឹងជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយមកទទួលវ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕