នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែងមានស្ថានភាព ទីតាំងដីនៅតំបន់នេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្រ
រួចហើយ ចំណែកឯម្ចាស់សំណើបានអះអាងថានឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។ ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។
ផ្អែកទៅតាមរបាយការណ៍របស់ក្រុមការងារជំនាញបានបញ្ជាក់ថា៖ ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ដោយឡែកអាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានគាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ដោយឯកឧត្តម បានលើកឡើងថាកំពង់ផែនេះអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ និងផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍បានមួយចំនួន ជាពិសេសសហគមន៍មូលដ្ឋានអាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍ ព្រមទាំងអាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅតាមដងព្រែកបានផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់លោកឧកញ៉ាម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ផែទូកនេះ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងមានសម្រស់ដ៏ទាក់ទាញនៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ។